នាយកដ្ឋាននគរបាលការពារ សន្យានឹងលុបបំបាត់ឱ្យបាននូវបញ្ហាអ្នកប្រចាំការយាមមាត់ច្រកចេញចូល បានសុំកាហ្វេ បារី ពីប្រជាជនជាថ្នូរនឹងការអនុញ្ញាតឱ្យចូលក្រសួង
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលការពារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញលិខិតទទួលយកនូវការរិះគន់កែលម្អ តាមរយៈការផុសផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើគេហទំព័រហ្វេសប៊ុក ដែលមានការលើកឡើងថា មន្ត្រីដែលយាមប្រចាំការនៅច្រកចេញចូលក្រសួងមហាផ្ទៃ បានសុំ កាហ្វេ បារី ពីប្រជាជនដោះដូរ និងការចូលក្រសួងដើម្បីបានដាក់ពាក្យបណ្តឹងនានា។
យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារនៃស្នងការនគរបាលជាតិ នៅថ្ងៃទី១៣មីនា បានទទួលស្គាល់ថា កន្លងមកពិតជាមានបញ្ហានេះ(សុំកាហ្វេ ឬបារី)មែន ហើយអង្គភាពក៏បានធ្វើការ អប់រំ ណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ ។
យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា «នាយកដ្ឋាននគរបាលការពារ សូមធ្វើការឆ្លើយតបចំពោះការចុះផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម Kanharith Khieu រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ចំពោះការចុះផ្សាយក្នុងគណនីខាង លើដែលមានខ្លឹមសារ (អរុណសួរស្តី លោកពូជាទីគោរពរបស់ក្មួយ ពេលលោកពូចូលរួមប្រជុំ ជួបក្រសួងធំៗ សូមលោកពូជួយលើកមតិ អ្នកប្រចាំការយាមមាត់ច្រកចេញចូលសុំ កាហ្វេ,បារី ជួបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ)។ កន្លងមកពិតជាមានបញ្ហានេះមែន ហើយអង្គភាពបានធ្វើការអប់រំ ណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ។ ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ និងខិតខំ អប់រំ ណែនាំ ដល់មន្ត្រី ក្រោមឱវាទ យាមប្រចាំការច្រកចេញ-ចូល ក្រសួងមហាផ្ទៃ និង កន្លែងផ្សេងៗទៀត និងលុបបំបាត់ឱ្យបានការសុំកាហ្វេឬបារី និងសុំទទួលយកដោយរីករាយនូវការរិះគន់ កែលម្អដោយស្ថាបនា។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាជ្រាបជារបាយការណ៍ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ»៕

