ព័ត៌មានអន្តរជាតិ March 15, 2023

អាមេរិកសម្រេចលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់ព្រោះបញ្ហាព្យុះទឹកកក

Khmerpress

អាមេរិក៖ អាជ្ញាធរអាកាសចរណ៍អាមេរិកបានសម្រេចធ្វើការលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់កាលពីថ្ងៃអង្គារ ទី១៤ ខែមីនាម្សិលមិញ ព្រោះតែបញ្ហាអាកាសធាតុមិនអំណោយផល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ បញ្ហាអាកាសធាតុដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនោះគឺការធ្លាក់ព្រឹលយ៉ាងខ្លាំង ឬអាចហៅថា ព្យុះទឹកកក។

ប្រភពខាងលើបានបញ្ជាក់ថា បញ្ហាអាកាសធាតុដ៏អាក្រក់នេះបានកំពុងតែកើតមាននៅតំបន់ភាគជើងសហរដ្ឋអាមេរិក​​ ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា បញ្ហានេះនឹងបន្តអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានលុបចោលជើងហោះហើរជាបន្ទាន់នោះមានដូចជាក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក្រុមហ៊ុន American, ក្រុមហ៊ុន United, ក្រុមហ៊ុន Southwest, ក្រុមហ៊ុន JetBlue និង ក្រុមហ៊ុន Spirit ខណៈជើងហោះសរុបដែលត្រូវបានគេលុបចោលនោះមានចំនួន ១,១៥០ ជើង៕