បាយទឹករួចដឹងតែងងុយចង់តែគេង ទាំងនេះហើយជាមូលហេតុ
(សុខភាព)៖ នៅពេលបរិភោគបាយរួច ពេលខ្លះយេីងហាក់មានអារម្មណ៍ងោកងុយ ទន់ត្របកភ្នែក ពិសេសពេលយេីងបរិភោគអាហារដែលសំបូរជាតិស្ករ (Carbohydrates ឬGlucides) និងជាតិសាច់ឬប្រូតេអ៊ីន។ អារម្មណ៍ងោកងុយ ទន់ត្របកភ្នែកក្រោយបរិភោគអាហារនេះ ក្នុងភាសាវេជ្ជសាស្ត្រ គេហៅថា Postprandial Somnolence ។

ពេលជាតិប្រូតេអ៊ីនចូលទៅដល់ក្រពះ អង់ហ្ស៊ីមនៅក្នុងរសក្រពះកាត់ជាតិប្រូតេអ៊ីនឱ្យទៅជាម៉ូលេគុលអាស៊ីអាមីណេតូចៗ។ អាស៊ីតអាមីណេមួយប្រភេទ គេហៅថាទ្រីពតូហ្វាន(Tryptophan C11H11N2O2)។ នៅពេលដែលអាស៊ីអាមីណេទ្រីពតូហ្វាននេះជ្រាបចូលក្នុងចរន្តឈាមនៅពោះវៀនតូច វារត់ទៅភ្ញោចឱ្យកោសិកាខួរក្បាលផលិតជាតិអ័រម៉ូនមួយប្រភេទហៅថា សេរ៉ូតូនីន (Serotonin) គឺសេរ៉ូតូនីននេះហេីយដែលដេីរតួរសំខាន់ក្នុងវដ្តដំណេករបស់មនុស្សយេីង (Sleep Cycle)។
ភាពងោកងុយក្រោយបរិភោគអាហារនេះ វាជារឿងធម្មតា មិនមានអ្វីគួរឱ្យបារម្ភឡេីយ។ វាអាចប្រែប្រួលទៅតាមបុគ្គល និងកត្តាមួយចំនួនដូចជា៖
- ប្រភេទ និងបរិមាណអាហារដែលយេីងបរិភោគ។ អាហារដែលសំបូរជាតិស្ករ និងសាច់ច្រេីន អាចធ្វេីឱយយេីងងោកងុយខ្លាំង។ ហូបច្រេីនងងុយជាងញ៉ាំតិច។
- ពេលវេលាដែលយេីងបរិភោគ។ បរិភោគអាហារពេលថ្ងៃ ច្រេីនងោកងុយជាបរិភោគនៅពេលយប់។
- អត់ងងុយពីយប់។
ទោះជាយ៉ាងណាក៏ដោយ មានជំងឺមួយចំនួនដែលអាចធ្វេីឱ្យអ្នកជំងឺងោកងុយខ្លាំងខុសធម្មតា។ ជំងឺទាំងនោះអាចជា៖
– ទាស់ចំណី (Food Intolerances) ឬអាលែកហ្ស៊ី
– រលាកពោះវៀនដោយសារប្រតេអ៊ីនប្រភេទ Gluten (Celiac Disease)
– ស្លេកស្លាំង (Anemia)
– ទឹកនោមផ្អែម
ដោយឡែក អ្នកជំនាញខាងផ្នែកអាហារបានណែនាំឱ្យសម្រាកក្នុងរយៈពេលមួយក្រោយបរិភោគអាហារដើម្បីឱ្យប្រព័ន្ធរំលាយអាហារ ពិសេសក្រពះ អាចរំលាយអាហារបានល្អ ចៀសវាងហានិភ័យមួយចំនួន ដូចជាក្អួតចង្អោរជាដើម។ រយៈពេលសម្រាកគឺអាស្រ័យទៅតាមប្រភេទ និងបរិមាណអាហារដែលយើងបរិភោគ អាច២០ទៅ៣០នាទី។ ប្រភព៖ divakaradot /medicalnewstoday/healthline.com/