ព័ត៌មានជាតិ March 17, 2023

«គុនខ្មែរជើងឯកពិភពលោក» ជាឈ្មោះក្លិបកីឡាគុនខ្មែរអន្តរជាតិ របស់់ ឧកញ៉ា ស្រី ចាន់ថន ដែលនឹងលេចចេញជារូបរាងឆាប់ៗនេះ

Naren

លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញនូវឈ្មោះ និងគំរូខ្សែក្រវ៉ាត់ នៃក្លិបកីឡាគុនខ្មែរអន្តរជាតិ របស់លោកដែលត្រៀមលេចចេញជារូបរាងឆាប់ៗនេះ។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា ក្លិបអន្តរជាតិមួយនេះមានឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) ដែលបច្ចុប្បន្ន ក្លិបកីឡាគុនខ្មែរលំដាប់អន្តរជាតិរបស់លោកបានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា នឹង សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ។ លោកបានឱ្យដឹងថា «ដូច្នេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លិបគុនខ្មែររបស់យើងនឹងលេចរូបរាងហើយ»។

ជាមួយនឹងមូលហេតុដែលសម្រេចចិត្តដាក់ឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) ក៏ដោយសារតែ ឧកញ៉ា ស្រី ចាន់ថន ចង់ឱ្យកីឡាគុនខ្មែររបស់យើងក្លាយទៅជាកីឡាកម្រិតពិភពលោក។ ដោយក្លិបរបស់លោកនឹងនាំកីឡាករបរទេសជុំវិញពិភពលោកមកប្រកួតនៅក្នុងប្រទេសកម្ពុជាក៏ដូចជានាំកីឡាកររបស់ខ្មែរទៅប្រកួតនៅក្រៅប្រទេសផងដែរ។

លើសពីនេះទៅទៀត លោកក៏បានបានបង្កើតខ្សែក្រវ៉ាត់កម្រិតពិភពលោកមួយទៀតដែលបានរួមបញ្ជូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់ផងដែរ៕