Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកពន្ធដារ ពន្យល់នីតិវិធីបណ្តឹងតវ៉ាលើការកំណត់ពន្ធ, បើគ្មានទិន្នន័យត្រឹមត្រូវ មិនអាចកំណត់ពន្ធខុសច្បាប់បានទេ កុំមើលពន្ធដារខ្មៅពេក ចំណូលពន្ធសម្រាប់រដ្ឋវិនិយោគជួយប្រជាជន

    BY Khmerpress March 17, 2023
    អគ្គនាយកពន្ធដារ ពន្យល់នីតិវិធីបណ្តឹងតវ៉ាលើការកំណត់ពន្ធ, បើគ្មានទិន្នន័យត្រឹមត្រូវ មិនអាចកំណត់ពន្ធខុសច្បាប់បានទេ កុំមើលពន្ធដារខ្មៅពេក ចំណូលពន្ធសម្រាប់រដ្ឋវិនិយោគជួយប្រជាជន

    (ភ្នំពេញ)៖​ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់នីតិវិធីដាក់ពាក្យបណ្តឹងតវ៉ា លើការកំណត់ពន្ធ ដល់អ្នកជាប់បំណុលពន្ធទាំងអស់ ប្រសិនបើពួកគេមិនយល់ស្រប លើការកំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ អាចដាក់ពាក្យបណ្តឹងតវ៉ាបាន។

    ​ការពន្យល់ពីនិតិវិធីដាក់បណ្តឹងតវ៉ានេះ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

    ​លោក គង់ វិបុល បានលើកឡើងថា ​តាមច្បាប់តាមកំណត់ថា ​ចំពោះការដាក់បណ្តឹងតវ៉ា មានរយៈពេល៣០ថ្ងៃ ​លើការកំណត់ពន្ធរបស់មន្រ្តីពន្ធដារ ប្រសិនអ្នកជាប់បំណុលពន្ធពិនិត្យឃើញថា ការកំណត់ពន្ធរបស់មន្រ្តីពន្ធដារមិនត្រឹមត្រូវ​ ​ពួកគេអាចដាក់ពាក្យបណ្តឹង ទៅគណៈកម្មការវិវាទសារពើពន្ធ ឬតុលាការ។ លោកបញ្ជាក់ថា ចំពោះការដាក់បណ្តឹងតវ៉ា ត្រូវមានឯកសារសក្ខីកម្ម ក្នុងការដោះបន្ទុក។

    លោកបានឱ្យដឹងផងដែរថា ប្រសិនបើហួសរយៈពេលដែលច្បាប់កំណត់៣០ថ្ងៃ អគ្គនាយកដ្ឋានពន្ធដារមិនអនុញ្ញាតឱ្យដាក់ពាក្យតវ៉ា​នោះទេ ព្រោះវាផុតអាជ្ញាយុកាលនៃច្បាប់ហើយ។

    លោកបាន​​ឱ្យដឹងទៀតថា «ដាក់ពាក្យតវ៉ាមកឱ្យបានទាន់ពេលវេលានៅថ្ងៃកំណត់។ ព្រោះខ្លះ២ឆ្នាំហើយ តួលេខបានចូលបំណុលហើយ ទើបតែសរសេរសំបុត្រមកថា យើងខ្ញុំបដិសេធទាំងស្រុងនូវការកំណត់ពន្ធនេះ។ តែច្បាប់បានចែងហើយថា មានរយៈពេលតែ៣០ថ្ងៃទេ មិនមែន២ឆ្នាំទេ។ តួលេខនេះ វានៅក្នុងប្រព័ន្ធរត់ដោយស្វ័យប្រវត្តិ ទៅជាបំណុលហើយ យើងខ្ញុំមិនអាចធ្វើអីកើតទេ ពីព្រោះអាជ្ញាយុកាលមាន ៣០ថ្ងៃតវ៉ា។ បើសិនជាមានការតវ៉ា​ តួលេខដែលកំណត់មិនរត់ទៅជាបំណុលទេ គឺវារត់ទៅគ្រាន់តែជាការកំណត់ពន្ធ នៅក្នុងថេរវេលានៅក្នុងការតវ៉ា តែ២ឆ្នាំហើយមកតវ៉ាទៀត យើងខ្ញុំកំណត់ថាហួសពេលនៃច្បាប់»។

    ​លោក គង់ វិបុល បានលើកឡើងថា កន្លងមកអ្នកជាប់ពន្ធតែងតែមើលមក អគ្គនាយកដ្ឋានពន្ធដារ ក្នុងផ្លូវទុទ្ទិដ្ឋិនិយម។ តែយ៉ាងណា អគ្គនាយកដ្ឋានពន្ធដារ តែងតែធ្វើការពួតដៃគ្នា ដើម្បីពង្រឹងនូវអនុលោមភាព​ ពង្រឹងនូវអភិបាល តម្លាភាព ដើម្បីភាពងាយស្រួលទាំងអស់គ្នា។ ​ហេតុដូច្នេះហើយយន្តការនៃការប្តឹងតវ៉ានេះ សូមអវត្តតាមច្បាប់​ និងកុំមើលពន្ធដារខ្មៅពេក ព្រោះអគ្គនាយកដ្ឋានពន្ធដារ ខិតខំប្រឹងប្រែងប្រមូលពន្ធមក ដើម្បីឱ្យរដ្ឋយកទៅវិនិយោគ ជួយប្រជាពលរដ្ឋទៅវិញ តាមរយៈការជួយទៅលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសុខាភិបាល សង្គមកិច្ច និងវិស័យការពារជាតិជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: