ព័ត៌មានជាតិ March 17, 2023

ពូកែមែន! លោកពូម្នាក់នៅសៀមរាប ប្រមូលទិញរថយន្តចាស់ៗ មកកែច្នៃក្លាយជាបន្ទប់ដ៏ប្រណីតគួរឱ្យចង់ស្នាក់នៅ

Naren

(សៀមរាប)៖ លោក លី ប៉េងហេង ហៅ «តាឆ្កួត» ម្ចាស់ «សារមន្ទីរវិមានសុខា» នៅខេត្តសៀមរាប ដែលមហាជនស្គាល់ថាលោកតែងតែចំណាយថវិកាផ្ទាល់ខ្លួនប្រមូលទិញសម្ភារចាស់ៗ ដែលមានអាយុកាលជាង៤០ ទៅ៥០ឆ្នាំមុន ដែលមានកង់ ម៉ូតូ ឡាន នាឡិកា នានា ដើម្បីដាក់តាំងពិព័រណ៍សម្រាប់ឲ្យមនុស្សចូលទស្សនា នៅក្នុងសាលពិព័រណ៍របស់លោក។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ថ្មីៗនេះម្ចាស់ «សារមន្ទីរវិមានសុខា» រូបនេះ ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងស្នាដៃដោយលោកបានប្រមូលរថយន្តចាស់ៗមកកែច្នៃក្លាយជាបន្ទប់ដ៏ប្រណីតគួរឱ្យចង់ស្នាក់នៅ។

លោក លី ប៉េងហេង វ័យ៥៧ឆ្នាំរូបនេះ បានធ្វើការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Khmer Press ដោយលើកឡើងថា គំនិតច្នៃប្រឌិត ដោយយករថយន្តចាស់ មកកែច្នៃតួខាងក្នុងឱ្យលេចចេញជារូបរាងបន្ទប់ដ៏ប្រណីត ដាក់ឈើតុបតែង គួរឱ្យចង់ស្នាក់នៅ កើតចេញពីក្តីស្រម៉ៃ ហើយរថយន្តមួយៗគឺមានការតុបតែខុសៗគ្នាគឺប្រើអារម្មណ៍សំរាប់ធ្វើ។

លោកបានបន្តថារថយន្តចាស់ៗទាំងនេះលោកបានប្រមូលទិញនៅក្នុងខេត្តសៀមរាបផ្ទាល់ ដោយរថយន្តមួយដែលកែច្នៃត្រូវប្រើរយៈពេលពី៥០ទៅ៦០ថ្ងៃឯណោះ ដោយមិនអាចបង្ខំធ្វើបានទេ។

មូលហេតុដែលយករថយន្តចាស់ៗច្នៃតួខាងក្នុងជាបន្ទប់ប្រណីតនេះ គឺលោកមានបំណងចង់បង្កើតជារីសត ប៉ុន្តែនេះគ្រាន់តែជាគម្រោងតែប៉ុណ្ណោះ ដោយសារតែត្រូវការទុនច្រើនក្នុងការបង្កើត។ សម្រាប់ចំណាយក្នុងការធ្វើឡាននៅមិនទាន់អាចសរុបបានឡើយ គឺដោយសារតែការទិញឈើយកមកច្នៃគឺទិញម្តងមួយៗក្នុងលក្ខណះសន្សំព្រោះឈើប្រភេទនេះមិនសូវសំបូរទេ។

ជាមួយនឹងការបង្កើតស្នាដៃនេះ លោកពូក៏បានប្រកាសថា ក្រៅពីគម្រោងចង់ធ្វើជារីសត លោកពូក៏លក់ស្នាដៃនេះដល់មហាជនណាដែលចង់ជាវផងដែរ។

សូមបញ្ជាក់ថា សារមន្ទីរវិមានសុខា របស់លោក លី ប៉េងហេង ប្រើពេលតែ៥នាទីពីក្រុងអង្គរ និងប្រើពេល១០នាទីពីព្រះអង្គចេកព្រះអង្គចម ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ចូលតាមច្រកទី២ ពីវត្តថ្មី ហៅវត្តក្បាលខ្មោច គឺជាកន្លែងដែលប្រមូលផ្តុំទៅដោយរបស់របរចាស់ៗ ដែលបងប្អូនចូលទស្សនាទទួលអារម្មណ៍មួយបែបអតីតកាល។
សម្រាប់តម្លៃសំបុត្រចូលទស្សនាជនជាតិខ្មែរ ៥០០០រៀល និងជនបរទេស២០០០០រៀលទូរស័ព្ទទំនាក់ទំនង លេខទូរស័ព្ទ 012 848 747 និង 015 848 747៕