និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉នដានី ជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉នដានី រៀល អ៊ីស្ទេត ឯ.ក។
យោងតាមសេចក្តីជូនដំណឹង ន.អ.ប. បានឱ្យដឹងថា គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក មានទីតាំងស្ថិតនៅ ភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប.ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។
ដូច្នេះហើយ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ដូចជា ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់៕


