រោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា ចាប់ផ្ដើមដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយក្ដីរំពឹងនាំចេញប្រមាណ៥លានសំបកក្នុងមួយឆ្នាំ
- BY
- Naren
- March 18, 2023

(ព្រះសីហនុ)៖ រោងចក្រផលិតសំបកកង់រថយន្ដ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការផលិតដើម្បីនាំចេញជាលើកដំបូងរបស់ខ្លួនទៅកាន់ទីផ្សារបរទេស ជាមួយក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសំបកកង់ធុនតូច ៥លានសំបក និងសំបកកង់រថយន្ដធុនធំ ៩០ម៉ឺនសំបក ក្នុងមួយឆ្នាំ។ ទីផ្សារចម្បងដែលនឹងត្រូវនាំចេញនោះ គឺសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេសស៉ីល និងប្រទេសផ្សេងៗទៀត។

រោងចក្រផលិតសំបកកង់រថយន្ដ ដែលលេចរូបរាងជាថ្មីនៅលើទឹកដីរបស់កម្ពុជានេះ ឈ្មោះ «ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក» ជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន។
ពិធីសម្ពោធដំណើរការផលិតចេញសំបកកង់រថយន្ដជាលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ធ្វើ់ឡើងក្រោមអធិបតីភាពរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោក Gu Cui ប្រធានក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានលើកឡើងថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃ រយ:ពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។
លោកបញ្ជាក់ថា នៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្តប់លើផ្ទៃដី ១៨០,០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ៩០០,០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។
ប្រធានក្រុមហ៊ុនរូបនេះ បានរំលឹកថា រោងចក្រផលិតសំបកកងរថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានអបអរសាទរ និងស្វាគមន៍ការដាក់ឲ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី(ខេមបូឌា) នៅក្នុងខេត្តព្រះសីហនុ។
លោកបានថ្លែងអំណរគុណក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្ម ក្នុងការផលិតសំបកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀត សម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារសាងសង់ចូលដោយឥតបង់ពន្ធតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់។
លោកអភិបាលខេត្តបានបន្ដទៀតថា វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះសីហនុ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឲ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ។
លោក គួច ចំរើន បានអះអាងថា បច្ចុប្បន្នខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី» ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ទីតាំង មាន៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុ សង្ឃឹមថានឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post:
មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បន្ដជំរុញលើកទឹកចិត្តដល់វិនិយោគិនចិន មកបណ្តាក់ទុនបន្ថែមទៀត កម្ពុជាធានាបរិយាកាសអំណោយផល
- BY
- Naren
- March 28, 2023

(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដលើកទឹកចិត្ត និងប្រកាសស្វាគមន៍ជានិច្ច ដល់អ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ជាមួយការវិនិយោគដោយទំនុកចិត្ត។

ការលើកឡើងរបស់លោក ឈួន ដារ៉ា ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន រៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីវិនិយោគិនចិន និងកម្ពុជា។
លោកបានថ្លែងថា «សូមប្រកាសស្វាគមន៍ការវិលត្រលប់មកវិញនៃធុរជន និងវិនិយោគិនចិន ឲ្យមកប្រកបអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនកុះករ លើសពីអំឡុងពេលមុនមានការផ្ទុះជំងឺកូវីដ-១៩។ នៅកម្ពុជាសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ពិសេសគឺកម្ពុជា កំពុងមានសុខសន្តិភាព មានសន្តិសុខល្អ និងស្ថិរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។
លោកបានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តថា សូមស្វែងយល់ធ្វើការរកស៊ីដាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ពិតជាមិនខុសនោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្ពុជាស្ថិតក្នុងប្រទេស ដែលទទួលបានការអនុគ្រោះពន្ធផងដែរ»។
លោកបានបន្ថែមថា ក្រៅពីនោះកម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើកិចសម្រួលពាណិជ្ជកម្ម ដែលធ្វើឲ្យអ្នករកស៊ីមករកស៊ីនៅកម្ពុជាបានស្រួល តាមរយៈការអនុគ្រោះពន្ធសម្រាប់អ្នកវិនិយោគ និងកត្តាបន្ទាប់បន្សំផ្សេៗទៀត។ កម្ពុជាក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗ សម្រាប់វិនិយោគអាជីវកម្មមានដូចជា ទីក្រុងភ្នំពេញ, ក្រុងព្រះសីហនុ, សៀមរាប និងប៉ូលសំខាន់ៗជាច្រើនទៀត ដែលអំណោយផលលើវិស័យទាំងកសិកម្មផងដែរ។
លោកបានបន្ដថា ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាមានសេដ្ឋកិច្ចបើកចំហផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោក ជាសមាជិកអាស៊ាន ជាភាគីនៃកិច្ចព្រមព្រៀងអាសិប (RCEP) និងថ្មីៗនេះ ជាភាគីហត្ថលេខីនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ខណៈកម្ពុជាបាននិងកំពុងបន្តពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសដៃគូផ្សេងទៀត ហើយអាចនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយអេមីរ៉ាត់អារ៉ាប់ក្នុងពេលឆាប់ៗនេះ។
លោកបន្តថា «ខ្ញុំសូមអំពាវនាវ ដល់ពាណិជ្ជករវិនិយោគិនទាំងអស់ ត្រូវសម្រេចចិត្តធ្វើការវិនិយោគឱ្យទាន់ពេល ដើម្បីទទួលយកអត្ថប្រយោជន៍ពីទីផ្សារ ដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ ក្នុងបរិយាកាសអំណោយផល»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ១៩៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅប្រទេសចិន បានជាង ១ ៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩ ៦៨៤ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។
បន្ថែមពីនេះទៀត កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មមានដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៩ទីតាំងនៅតាមទីក្រុងធំៗ មួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post:
កីឡាករអ៊ុយក្រែន Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង ថែមទាំងចង់ហ្វឹកហាត់គុនខ្មែរ
- BY
- Naren
- March 28, 2023

(ភ្នំពេញ)៖ កីឡាករអ៊ុយក្រែន Luca ដែលទើបនឹងចាញ់ការប្រកួតជាមួយកីឡាករ ម៉ឺន មេឃា មិនទាន់ចាកចេញពីកម្ពុជាទេ ហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានទទួលជួបជាមួយកីឡាករអ៊ុយក្រែនរូបនេះជាការលើកទឹកចិត្ត។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ចង់ហាត់ គុនខ្មែរ ហើយក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ដូច្នេះលោករៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូន និងបានឧត្ថម្ភជាថវិកាមួយចំនួនផងដែរ។
លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែននៅការិយាល័យរបស់ខ្ញុំ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់យ៉ាងខ្លាំង ហើយគាត់បាននិយាយថាគាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។ គាត់បាននិយាយថាគាត់ចង់ហាត់គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។
ក្រោយពេលខ្ញុំបានឮបែបនេះ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូនគាត់ និងបានឧត្ថម្ភជាថវិកាមួយចំនួន និងអាវយឺតគុនខ្មែរមួយ ដើម្បីជាការលើកទឹកចិត្ត ។
ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំខិតខំធ្វើនេះនឹងអាចលើកតម្កើងគុនខ្មែរទៅដល់កម្រិតមួយទៀតនៅពេលអនាគត។ អរគុណបងប្អូនសម្រាប់គាំទ្រគុនខ្មែរ ក៏ដូចជាគាំទ្រខ្ញុំផងដែរ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន»៕
- Share This Post:
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបកស្រាយបញ្ជាក់ករណីប៉ូលិសចរាចរណ៍ឃាត់រថយន្តមួយគ្រឿងផាកពិន័យ នៅខាងកើតសាលាស្រុកស្អាង
- BY
- Khmerpress
- March 28, 2023

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ នង សុខហៀង បានបង្ហោះមានខ្លឹមសារថា៖ «សម័យសន្តិភាព គេខ្លាចបំផុតគឺចោរប្លន់តែប៉ុណ្ណោះ តែគួរអោយខ្លាចនោះគឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ »

តាមប្រភពខាងលើ បានបន្តឱ្យដឹងថា៖ «មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថាបងខ្ញុំខុសអីសួរ៥ដងបានលោកប៉ូលិសឆ្លើយថាបងបើកឡានលេងទូរស័ព្ទ។ ខ្ញុំឆ្លើយថាបងឯងមើលខ្ញុំទៅលេងទូរស័ព្ទទេ ទូរស័ព្ទនៅប្រពន្ធខ្ញុំទុកក្នុងកាបូប ។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង។ ខ្ញុំក៏ចុះទៅជួបមេ ខ្ញុំក៏ថាខ្ញុំខុសអីបងមេថាបងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៏បោះដៃទៅសួរអ្នកអោយការថាខុសអត់ពាក់ខ្សែក្រវ៉ាត់ ខ្ញុំឆ្លើយថាខ្សែក្រវ៉ាត់ខ្ញុំពាក់តាំងពីព្រែកបិមកម្ល៉េះ ខ្ញុំមិនបានដោះទេ។ គាត់ក៏បោះដៃសួរអ្នកអោយការម្តងទៀតគាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវ៉ាត់ម្តងវិញ។ លោកប៉ូលិសសម្តីក្រឡេកក្រឡុចខ្ញុំយកទូរស័ព្ទថតទុកជាភស្តុតាងបើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ទ ម្តងថាអត់ពាក់ខ្សែក្រវ៉ាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសូមធូបអ្នកជិតខាងមកអុជអោយស្បថហើយគាត់នាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គំរាមយកឡានខ្ញុំទុកខ្ញុំថាយកដល់ណាក៏បានខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងចម្ងាយ២០០ម៉ែត្រ។
ក្រោយពីពិនិត្យឃើញមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត មានការសោកស្តាយចំពោះការចុះត្រួតពិនិត្យស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្រ្តីនគរបាលចរាចរណ៍ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ស្នងការដ្ឋាននគរបាលខេត្ត សូមការយោគយល់អធ្យាស្រ័យពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក និងម្ចាស់រថយន្តខាងលើក៏ដូចជាសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម។
ចំពោះមន្រ្តីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើសពីតួនាទីភារកិច្ច ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ប្រសិនជាពិនិត្យឃើញមានការអនុវត្តខុសតួនាទីភារកិច្ចពិតមែនចាត់វិធានការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គិចពាក់សម្តីរវាងសមត្ថកិច្ចនិងអ្នកបើកបររថយន្ត ស្រ្តីដែលជាប្រពន្ធអ្នកបើកបររថយន្តរួមដំណើរជាមួយគ្នា បានទទួលស្គាល់កំហុសថាខ្លួនពិតជាមិនបានពាក់ខ្សែក្រវ៉ាត់ និងសុំទោសសមត្ថកិច្ចដោយផ្ទាល់មាត់។ បន្ទាប់មកសមត្ថកិច្ចបានអប់រំបន្ថែមអនុញ្ញាតឱ្យធ្វើដំណើរបន្តដោយមិនបានផាកពិន័យនោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕»
- Share This Post: