ឯកឧត្តម ជុំ កុសល លើកឡើងថាការស្លៀកពាក់របស់លោក ឯម រៀម គឺជាការបង្ហាញជំនាញរបស់គាត់ដែលច្នៃម៉ូតបែបស្រមើស្រមៃ
ថ្មីៗនេះ អ្នកច្នៃម៉ូដ ឯម រៀម រងការរិះគន់មិនសំចៃពីមហាជនអ្នកលេងបណ្តាញសង្គម ក្រោយបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Pleng ជាមួយនឹងឈុតដែលលោកបានស្លៀក។ ក្នុងនោះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការស្លៀកពាក់របស់ អ្នកច្នៃម៉ូដបែបស្រមើស្រមៃ ឯម រៀម គឺជាការបង្ហាញជំនាញរបស់គាត់ ដែលនៅកម្ពុជាយើងគ្មាននរណាអាចធ្វើបានដូចគាត់ទេ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនានេះ បានបង្ហាញនូវមតិជុំវិញរឿងរ៉ាវមួយនេះដោយឯកឧត្តមបានសរសេររៀបរាប់ថា៖ «បើតាមខ្ញុំធ្លាប់ស្តាប់គាត់ផ្តល់កិច្ចសម្ភាសន៍កន្លងមក គាត់គឺជាអ្នករៀនជំនាញច្នៃម៉ូតបែបស្រមើស្រមៃមកពីប្រទេសបារាំង។ ការច្នៃនៃបែបស្រមើស្រមៃនេះគឺច្នៃតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លួនដោយមិនចម្លងពីគេ។ ឃើញគាត់ស្លៀកពាក់បែបនេះ ខ្ញុំឃើញបងប្អូនយើងមួយចំនួននាំគ្នាស្តីជេរគាត់ តែធាតុពិតគាត់ធ្វើបែបនេះគឺជាការបង្ហាញជំនាញរបស់គាត់ ដែលនៅកម្ពុជាយើងគ្មាននរណាអាចធ្វើបានដូចគាត់ទេ។ សូមស្វែងយល់ឲ្យច្បាស់អំពីសិល្បៈវប្បធម៌ និងការច្នៃម៉ូតបែបស្រមើស្រមៃ ។ នៅអឺរ៉ុបគេស្លៀកប្លែកជាងនេះខ្លាំងណាស់។ ខ្ញុំសូមអធ្យាស្រ័យ មិនការពារគាត់ទេ គ្រាន់តែសុំឲ្យបងប្អូនសិក្សាស្វែងយល់និងបែងចែកឲ្យច្បាស់មុននឹងប្រតិកម្ម ។ សូមអរគុណ»។

អ្នកច្នៃម៉ូដ ឯម រៀម ក៏បានប្រតិកម្មឆ្លើយតបនឹងការរិះគន់របស់មហាជនយ៉ាងដូច្នេះថា៖ «ផ្ញើជូនបងប្អូនខ្លះដែលមិនទាន់យល់ពីការច្នៃម៉ូតហេតុអី ឯម រៀម ចេញដើមទ្រូងមិនបាន បើម៉ូតដែលពាក់យប់មិញដកស្រង់តាមអ្វីដែរខ្មែរមានពីមុន ហើយបើចង់ពាក់ឱ្យដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លួនឯងផង»។




