ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា មិនគួរឱ្យការបញ្ចេញទស្សនៈរឿងសម្លៀកបំពាក់ ក្លាយជាទំនាស់ ឬការបែកបាក់ណាមួយក្នុងសង្គម
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះបានលើកឡើងថា មិនគួរឱ្យការបញ្ចេញទស្សនៈរឿងសម្លៀកបំពាក់ ក្លាយជាទំនាស់ ឬការបែកបាក់ណាមួយក្នុងសង្គម ក្រោយពីមានការផ្ទុះជជែកវែកញែក ផ្លាស់ប្តូរទស្សនៈទៅលើការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឱ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។
ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»៕




