រដ្ឋបាលខណ្ឌទួលគោកចុះទៅណែនាំម្ចាស់ហាង ដែលចាក់បេតុងហ៊ុំដើមឈើ និងឱ្យរុះរើបេតុងនោះចេញវិញ
(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹងនិងការរាយការណ៍ពីប្រជាពលរដ្ឋតាមប្រព័ន្ធ facebook ដោយបានដឹកនាំបញ្ជាពី ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក, លោក ចាន់ បណ្ឌិតអភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នៅវេលាម៉ោង ១១:៥៨នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ចុះពិនិត្យ និងណែនាំម្ចាស់ហាង បេប៊ីអោតឡេត (Baby outlet) ដែលបំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន៤ដើម នៅផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់២។
គណៈបញ្ជាការឯកភាពខណ្ឌបានឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ចំពោះដើមឈើដែលងាប់ត្រូវដាំឡើងវិញមានទំហំប៉ុនដូចគ្នា ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ។ ជាមួយគ្នានេះក្នុងករណីម្ចាស់ហាងមិនសហការណ៍ ហើយធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬងាប់ដើមឈើខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
រដ្ឋបាលខណ្ឌទួលគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាញសារព័ត៌មាន សាធារណជនទាំងអស់ដែលបានផ្ដល់ព័ត៌មានទាន់ហេតុការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់ និងទាន់ពេលវេលា៕




