Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

UPDATE: ក្រសួងការបរទេសជប៉ុន ទទួលស្គាល់ថាលោក គីស៉ីដា នឹងជួបលោក ហ្សេលេនស្គី នៅអ៊ុយក្រែន

BY Naren March 21, 2023
UPDATE: ក្រសួងការបរទេសជប៉ុន ទទួលស្គាល់ថាលោក គីស៉ីដា នឹងជួបលោក ហ្សេលេនស្គី នៅអ៊ុយក្រែន

(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានទទួលស្គាល់ថាលោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងត្រូវជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំឡុងការបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសជប៉ុនបានគូសបញ្ជាក់ឱ្យដឹងថា «លោក គីស៉ីដា នឹងផ្ដាំផ្ញើដោយផ្ទាល់ទៅកាន់លោក ហ្សេលេនស្គី ពីការគោរពដល់ ភាពក្លាហាន និងឆន្ទៈតស៊ូយ៉ាងមុះមុតរបស់ប្រជាជនអ៊ុយក្រែន ដែលបានក្រោកឈរឡើងដើម្បីការពារប្រទេសជាតិរបស់ខ្លួន នៅក្រោមការដឹកនាំរបស់លោក ហ្សេលេនស្គី»។ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក គីស៉ីដា ក៏នឹងបង្ហាញផងដែរពីសាមគ្គីភាព និងការគាំទ្រឥតងាករេរបស់ជប៉ុន និងក្រុមប្រទេស G7 ចំពោះអ៊ុយក្រែន។

គួរបញ្ជាក់ថា ការទទួលស្គាល់របស់ក្រសួងការបរទេសជប៉ុន ធ្វើឡើងក្រោយទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន Kyodo នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២១ ខែមីនានេះ មួយថ្ងៃបន្ទាប់ពីលោកបាន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីជប៉ុនដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយនេះគឺជារឿងដ៏កម្រមួយ ដែលមេដឹកនាំជប៉ុនបំពេញទស្សនកិច្ចនៅក្រៅប្រទេសដោយមិនបានប្រកាសឱ្យដឹងជាមុន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: