ព័ត៌មានជាតិ March 21, 2023

រដ្ឋបាលខណ្ឌដូនពេញ ឆ្លើយតបករណីអ្នកលក់នំបញ្ចុកនៅមុខវាំង ដែលមានការផ្សាយថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដេញចេញមិនឱ្យលក់ និងចាក់ទឹកសម្លចោល

Naren

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានឆ្លើយតបទៅនឹងករណីអ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំង ដែលសារព័ត៌មានមួយចំនួន និងអ្នកលេងតាមបណ្តាញសង្គមTik Tok បានធ្វើការផ្សព្វផ្សាយបណ្តាលឱ្យមានការភាន់ច្រលំថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដេញគាត់ចេញមិនឱ្យលក់ និងចាក់ទឹកសម្លខ្មែរចោលនៅលើចិញ្ចើមផ្លូវសាធារណៈ។

រដ្ឋបាលខណ្ឌដូនពេញ បានស្រាយបំភ្លឺដូចដែលមានដូចតទៅនេះ៖
១-កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឱ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតិឱ្យលក់ដូរនៅទីតាំងនេះឡើយ។
២-ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។
៣-ការធ្វើឱ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈគឺគាត់ (អ្នកលក់) ជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌថែមទៀតផង។

រដ្ឋបាលខណ្ឌដូនពេញ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំងរបស់ខណ្ឌដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន អោយបានល្អប្រសើរ៕