SEA GAMES March 21, 2023

មកស្គាល់ កីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា ដែលទទួលការប្រោសព្រះរាជទានភ្លើងអគ្គីជ័យកីឡា ពីព្រះមហាក្សត្រ

Naren

(សៀមរាប)៖ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡានៅមុខប្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ក្នុងព្រះរាជពិធីនេះ កីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា ​និង​កីឡាការិនី​លោត​ចម្ងាយ​ វិត ចន្ថា អមដោយអត្ដពលិកគុនល្បុកត្តោ ៧នាក់ រត់តិចៗពីទិសខាងកើត នៃប្រាសាទអង្គរវត្ត មកទទួលព្រះរាជទាន ព្រះអគ្គិជ័យកីឡា ពីព្រះមហាក្សត្រ។ បន្ទាប់មកទៀត អត្តពលិកទាំងនោះ កាន់ជាមួយភ្លើងគប់ ដែលបានទទួលពីព្រះមហាក្សត្រ រត់ជុំវង់តូចអង្គរ។

ជាមួយគ្នានេះផងដែរ កីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន អ្វីដែលគួរតែដឹងនោះ វ៉ា មិថុនា ជា កីឡាករតេក្វាន់ដូផ្នែកបុរសដំបូងបំផុត ដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជូនកម្ពុជា បន្ទាប់ពីបានយកឈ្នះកីឡាករហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ ដោយពិន្ទុ ៣៥-១៤​ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើក​ទី​៣១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

វ៉ា មិថុនា កើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ ជាមន្ត្រី កម្ពស់១,៨៧ម៉ែត្រ ជាកីឡាករប្រភេទកីឡា តេក្វាន់ដូ WT វិញ្ញាសារ ប្រយុទ្ធ
ចូលហ្វឹកហាត់នៅឆ្នាំ២០១៥ និងចូលជម្រើសជាតិឆ្នាំ២០១៧ ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ និង២០២១ ទទួលបានមេដាយមាស ចំណែកក្រៅស្រុកវិញ កីឡាកររូបនេះប្រកួត Seagame ២លើក (២០១៧,២០១៩) ពុំទទួលបានលទ្ធផល ហើយនៅឆ្នាំ២០២២ រូបខ្លួនទទួលបានមេដាយ មាស។

យោងតាមប្រភពព័ត៌មានដែលធ្លាប់សម្ភាសន៍កន្លងមក កត្តាដែលធ្វើឱ្យ វ៉ា មិថុនា ហាត់តេក្វាន់ដូ​ ក៏ដោយសារតែកាលគ្រានោះរូបខ្លួនជិះម៉ូតូតាមផ្លូវជាមួយបង ហើយចាប់ហ្វ្រាំងខុសបច្ចេកទេសត្រូវពូម៉ូតូឌុបខឹងហើយវាយ ទើបបងរបស់គាត់ឱ្យគាត់ទៅហាត់តេក្វាន់ដូ​៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន​ទទក​ News Department