ព្រៃវែង ខេត្តផលិតស្រូវបានច្រើនជាងនៅកម្ពុជា ទទួលចំណូលពីការនាំចេញស្រូវប្រមាណជាង ១ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ
(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ខេត្តព្រៃវែង ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខមួយ លើការផលិតស្រូវច្រើនជាងនៅកម្ពុជាចំនួន ៣ឆ្នាំជាប់គ្នា ដែលជាមធ្យមផលិតបានជាង ១លានតោនក្នុងមួយឆ្នាំ ខណៈ ៥ឆ្នាំចុងក្រោយនេះ ខេត្តនេះរកចំណូលបានពីការនាំចេញស្រូវប្រមាណជាង ១ពាន់លានដុល្លារ។
ការថ្លែងរបស់អភិបាលខេត្តព្រៃវែង ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។
នៅក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨-២០២២ ខេត្តព្រៃវែង ផលិតស្រូវបានសរុបចំនួន ៧ ៤៦៥ ១៩៤តោន បន្ទាប់ពីការផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងខេត្ត សល់ស្រូវចំនួនជាង ៥លានតោន សម្រាប់នាំចេញទាំងក្នុង និងក្រៅប្រទេស ដោយទទួលបានថវិកាប្រមាណ១២៥០លានដុល្លារអាមេរិក។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែងបានឱ្យដឹងថា ខេត្ដព្រៃវែង ស្ថិតនៅតំបន់វាលរាប និងវាលទំនាបត្រើយខាងកើតទន្លេមេគង្គ គឺជាខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ពិសេសដំណាំស្រូវ ដោយមានគ្រួសារប្រជាពលរដ្ឋប្រមាណ៧៨% ជាអ្នកប្រកបរបរកសិកម្មជាចម្បង។ ខេត្តនេះមានផ្ទៃដីដាំដុះ សរុបចំនួន៣៣៧ ០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សាចំនួន ២៥០ ០០០ហិកតា ផ្ទៃដីដាំដុះស្រូវប្រាំងចំនួន ៧៥ ០០០ហិកតា និងផ្ទៃដីដាំដុះដំណាំរួមផ្សំផ្សេងៗចំនួន ១២ ០០០ហិកតា។
បរិមាណផលស្រូវសរុបប្រចាំឆ្នាំ មានការកើនឡើងជាលំដាប់។ ចំពោះការកើនឡើងនូវបរិមាណស្រូវនេះ គឺដោយសារមានការគាំទ្របច្ចេកទេសផលិតកម្មដំណាំស្រូវ រួមផ្សំការរីកលូតលាស់ប្រព័ន្ធធារាសាស្រ្ត ដែលកន្លែងខ្លះផលិតស្រូវ២ដង ទៅ៣ដងក្នុងមួយឆ្នាំ។ បើគិតជាសាច់ប្រាក់ចំណូលដុល ពីបរិមាណផលស្រូវផលិតបានសរុបក្នុងខេត្តមានចំនួន ១ ៨៦៦ ២៩៨ ៥០០ដុល្លារអាមេរិក។
លោក ជា សុមេធី បានឱ្យដឹងផងដែរថា ការងារផលិតកម្មដំណាំរួមផ្សំក៏មានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ផងដែរ ដោយរដ្ឋបាលខេត្តបានបង្កើត ឲ្យមានសហគមន៍ផលិតបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត រួមទាំងខេត្តជាប់ព្រំប្រទល់ និងរាជធានីភ្នំពេញផងដែរ ដែលផលិតបន្លែបានសម្រាប់លក់ទៅកាន់ទីផ្សារប្រមាណពី១៥ ទៅ២០តោនក្នុង១ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ fresh news



