ព័ត៌មានជាតិ March 23, 2023

សម្រាប់អ្នកពុំធ្លាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ (អត់មានស៊ីម) ថាតើគួរធ្វើដូចម្តេច?

Naren

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលពុំធ្លាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ (អត់មានស៊ីម) អាចអញ្ជើញមកបំពេញបែបបទ និងថតរូបធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីបានតាម នីតិវីធី និងដំណាក់កាលនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចករណីធ្វើថ្មី អាយុចាប់ពី១៥ឆ្នាំឡើងដែរ។

១ សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ

២ ទីកន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬបេឡាជាតិរបបសន្តិសុខសង្គម បសស ឬ សាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅក្រោយវត្តនិរោធ។

៣ បំពេញសលាកប័ត្រសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

៤ ផ្តិតខ្ចៅដៃ ថតរូប វាស់កម្ពស់ និងចុះហត្ថលេខា។

៥ រង់ចាំរយៈពេល៣០ថ្ងៃនៃថ្ងៃការងារ ដើម្បីទៅទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅកន្លែងដែលបានធ្វើ។

៦ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕