អភិបាលខេត្តព្រះវិហារ នឹងជំរុញខេត្តនេះប្រែក្លាយជាខេត្តកសិកម្មសេរីរាង្គ នាពេលខាងមុខ ដែលធ្វើឱ្យកសិផលមានតម្លៃល្អ និងមិនជួបបញ្ហាទីផ្សារ
(ភ្នំពេញ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារ នឹងជំរុញឱ្យខេត្តនេះ ប្រែក្លាយជាខេត្តកសិកម្មសេរីរាង្គ នាពេលខាងមុខ ខណៈបច្ចុប្បន្ននេះ កសិករនៅក្នុងខេត្តកំពុងតែពង្រឹងការដាំដុះកសិផល ផ្តោតលើគុណភាពជាចម្បង និងជាខេត្តដែលបាននាំចេញកសិផលសេរីរាង្គ ឈានមុខគេនៅកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តពង្រឹងការអនុវត្តកសិកម្ម តាមកិច្ចសន្យា ការផលិតស្រូវសេរីរាង្គ និងជំរុញកសិករឱ្យបង្កបង្កើនផល និងរក្សាគុណភាព ព្រមទាំងខិតខំប្រែក្លាយខេត្តព្រះវិហារទៅជាខេត្តកសិកម្ម សេរីរាង្គ»។
លោក គីម រិទ្ធី បានឱ្យដឹងថា ខេត្តព្រះវិហារ មានវិសាលភាពផ្ទៃដីធំទូលាយ ដែនដីប្រកបដោយជីវជាតិ និងជាប្រភពដ៏ប្រសើរសម្រាប់វិស័យកសិកម្ម និងផ្តល់នូវសក្កានុពលធ្វើកសិកម្មសរីរាង្គ ដែលធ្វើឱ្យខេត្តនេះក្លាយជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិឈានមុខគេ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ប្រកបរបរកសិកម្ម ប្រមាណ៨០%នៅទូទាំងខេត្ត។ នៅឆ្នាំ២០២២ ការដាំដុះស្រូវរដូវវស្សាអនុវត្តបានចំនួន ៩៩,១២០ហិកតា លើផែនការ ៩១,២០០ហិកតា ដែលផ្ទៃដីប្រមូលផលសរុប ៩៤,០៦៣ហិកតា ផ្ទៃដីប្រមូលផលបាន ៩៤,០៦៣ហិកតា ស្មើនឹង ១០០% ទទួលបានបរិមាណផលចំនួន ២៨៣,៧៤៣តោន និងទិន្នផលមធ្យម ៣.០១៧តោន/ហិកតា។
ដោយឡែក ចំពោះការបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែអនុវត្តបានសរុបចំនួន ៦៣,៤៣៤ហិកតា ស្មើនឹង ៩០.៨៧% នៃផែនការ ក្នុងនោះ ៖ ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន ៧៩០ហិកតា ស្មើនឹង ៣៥.៣២% ,ដំណាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន ៧,២០១ហិកតា ស្មើនឹង ៧២.៥៤%,ដំណាំឧស្សាហកម្ម អនុវត្តបាន ៣៨,៣១៨ហិកតា ស្មើនឹង ៩៦.៦៨% ,ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន១៧,១២៥ហិកតាស្មើនឹង៩៥.១០%។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់នៅក្នុងខេត្តព្រះវិហារ និងបានបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះឱ្យមានជីវភាពល្អ។
លោកបានឱ្យដឹងថា ខេត្តព្រះវិហារមានផ្ទៃដីដុះប្រមាណ១០ម៉ឺនហិកតា ដែលភាគច្រើនប្រជាកសិករនៅក្នុងខេត្តបានដាំដុះផ្តោតទៅលើគុណភាព ជាពិសេសគឺស្រូវ ដែលជាប្រភេទស្រូវមានគុណភាពអាចកិនជាអង្ករ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន។
លោកបន្តថា ការដាំដុះផ្តោតលើគុណភាពឬបែបសេរីរាង្គ បានធ្វើឱ្យកសិករ មិនបានបារម្ភអំពីបញ្ហាទីផ្សារនោះទេ ដោយពួកគេបានចងក្រងគ្នាជាសហគមន៍ និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើន ដែលធ្វើឱ្យតម្លៃស្រូវទទួលតម្លៃល្អប្រសើរ។
លោកលើកឡើងបន្ថែមថា «យើងបានធ្វើការងារនេះ អស់រយៈពេល ៧ឆ្នាំ ៨ឆ្នាំកន្លងមកហើយ យើងឃើញបងប្អូននៅខេត្តព្រះវិហារ គាត់សប្បាយចិត្តតាមរយៈចងក្រងជាសហគមន៍ និងចុះកិច្ចសន្យាលក់ស្រូវរបស់គាត់ ជូនក្រុមហ៊ុនជាច្រើន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនទៀត»។
បច្ចុប្បន្ននេះខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ មានសមាជិកសរុបប្រមាណមួយម៉ឺនគ្រួសារ ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលជាស្គាល់ជា សហគមន៍កសិកម្មស្របច្បាប់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារកសិកម្ម ធ្វើរបរទីផ្សារ និងបានចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គ៕ ផ្តល់សិទ្ធិដោយ៖ Fresh News




