ព័ត៌មានជាតិ March 24, 2023

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម នឹងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​នៅខែមិថុនាខាងមុខ

Naren

(ភ្នំពេញ)៖​ ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា​ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣។

នេះបេីតាមការបញ្ជាក់ឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ​ នាឱកាសដែលលោកបានអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាចុងខែមីនានេះ។

ក្នុងជំនួបនាឱកាសនេះក៏មានការចូលរួមផងដែរពីសំណាក់លោក Sanui Kazumasa ដែលត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា បន្តពីលោកស្រី Kamei Haruko និងសហការី ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ដ្រី ក៏បានបង្ហាញក្តីសង្ឃឹមថា JICA នឹងបន្តសកម្មភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង៤ ដើម្បីជំរុញឱ្យដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាពផងដែរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់ផងដែរ។

លេីកឡេីងនាឱកាសនោះដែរលោកស្រី Kamei Haruko បានថ្លែងអំណរគុណចំពោះលោកទេសរដ្ឋមន្រ្ដី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសំដែងការគួរសម និងជម្រាបលានាពេលនេះ ហើយលោកស្រីបានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដំណើរការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ជាដើម។

លោកស្រី​ ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន៕ ផ្តល់សិទ្ធិដោយ៖ Fresh News