Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជា

    BY Khmerpress March 26, 2023
    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជា

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍»។ វេទិកានេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

    ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការរៀបចំជាលើកដំបូងហើយ​នៅកម្ពុជា ពោលមិនធ្លាប់មាននោះទេពីមុនមក។

    ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត​គោល​នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប​ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

    ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី​២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ ទិវានេះ នឹងមានការអញ្ជើញចូលរួម​ពី​ស្ថាប័ន​​ពាក់​ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថាន​ឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និង​សមាគមពាណិជ្ជកម្មជាដើម។

    កម្មវិធីសំខាន់ៗនៃព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រួមមានការដាក់តាំងបង្ហាញ Science Caravan ដែលជាមន្ទីរពិសោធន៍ចល័តវិទ្យាសាស្រ្តដំបូងគេ ដែលមិនធ្លាប់មាន។ ការ​ដាក់តាំង​បង្ហាញមន្ទីរពិសោធន៍នេះ ត្រូវបានរចនាឡើង​ដើម្បីទាក់ទាញចំណាប់​អា​រម្ម​ណ៍របស់កុមារលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ក៏ដូចជាលើកទឹកចិ​ត្ត​បណ្តុះ​នូវ​អាកប្បកិរិយាវិជ្ជមានចំពោះការអប់រំស្ទែម (STEM) ផងដែរ។

    ព្រឹត្តិការណ៍ ត្រូវបានគេរំពឹងថា នឹងទាក់ទាញកុមារ និងអាណាព្យាបាលជាច្រើន​ដើម្បី​ណែនាំកូនរបស់ពួកគេឱ្យស្គាល់ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

    កម្មវិធីថ្នាក់ជាតិមួយនេះ ក៏មានបទបង្ហាញសំខាន់ៗជាច្រើនពីសំណាក់អ្នកជំនាញ និង​អ្នកស្រាវជ្រាវជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតសំខាន់​ទៅលើ​ការផ្សព្វផ្សាយ វិស័យស្ទែមសម្រាប់កុមារ និងជាពិសេសសម្រាប់ក្មេងស្រីផងដែរ។

    បន្ថែមពីលើនេះ ក៏មានកម្មវិធី Talk Show ដែលជាវេទិកាមួយដើម្បីប្រមូលផ្តុំបញ្ញាវ័ន្ត សហគ្រិន និងអ្នកជំនាញរដ្ឋាភិបាល ដើម្បីធ្វើកិច្ចពិភាក្សា លើបញ្ហាប្រឈមផ្សេងៗ ក៏​ដូច​ជាការស្វែងរកដំណោះស្រាយ និងកិច្ចសហការនាពេលអនាគតក្នុងវិស័យទាំងពីរ​នេះផងដែរ។ នេះគឺជាឱកាសដ៏ពិសេសមួយ ដើម្បីលើកកម្ពស់ការរួបរួមសាមគ្គីគ្នា ហើយ​ទទួលយក គំនិតពីមុំខុសៗគ្នា ដើម្បីឈានទៅរកការសម្រេចចិត្តកាន់តែ​ប្រសើរ​ឡើង​​នៅក្នុងស្ថាប័នរៀងៗខ្លួន។

    លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែន​ទី​បង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ ក្នុងគោលបំណង ដើម្បី​ជំរុញប្រព័ន្ធ​អេកូឡូស៊ីលើវិស័យនេះ និងមានគោលដៅទាក់ទាញការវិនិយោគ​នៅក្នុង​វិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា»។

    លោក ក៏បានបន្ថែមទៀតដែរថា «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ គឺជាឆ្អឹងខ្នង​នៃ​ការការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចិត្តយ៉ាងសំខាន់​ក្នុងការលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ ដើម្បីជម្រុញប្រទេស​កម្ពុជា​ឱ្យឈានជើងចូលទៅក្នុងសករាជថ្មីនៃអារ្យធម៌ដ៏រស់រវើកផងដែរ»។

    បើតាមលោកស្រី ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ប្រទេសទាំងអស់នៅលើពិភពលោក ស្ត្រី​ដែល​សិក្សាផ្នែកស្ទែម (STEM) នៅមានភាគរយតិចតួចណាស់ ប៉ុន្តែសម្រាប់នៅ​ប្រទេសកម្ពុជាយើងនេះដែរ មានសហគ្រិនដែលជាស្រ្តី ដែលបានចូលសិក្សា​ផ្នែកនេះ​មានចំនួន ៣០ភាគរយ ប៉ុន្តែស្ត្រីដែលបម្រើការងារផ្នែកនេះក្នុង​តំណែងជាថ្នាក់​ដឹក​នាំ​ប្រហែល ៨% ទៅ ១០% ប៉ុណ្ណោះ។ ដោយឡែក គោលបំណងរបស់យើងនៅក្នុងឆ្នាំ ២០៣០ គឺយើងចង់ឲ្យមានស្ត្រីរហូតដល់ទៅ ៤០ភាគ»។

    ព្រឹត្តិការណ៍ថ្នាក់ជាតិរយៈពេលបីថ្ងៃនេះ រំពឹងទុកថា នឹងទាក់ទាញអ្នកចូលរួម​ទស្សនា​រហូតជាង ៥០,០០០នាក់ ជាមួយនឹងការសិក្សាបន្ថែមពាក់ព័ន្ធវិទ្យាសាស្ត្របែប​អន្តរ​កម្ម និងសប្បាយ ដើម្បីជំរុញឲ្យមានចំណាប់ អារម្មណ៍លើវិទ្យាសាស្ត្រក្នុង​ចំណោម​កុមារ និងយុវជនកម្ពុជា។

    សូមបញ្ជាក់ថា ការប្រារព្ធនូវទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ មានសារៈ​សំខាន់ណាស់ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិត បង្កើតថ្មី និងនាវុវត្តន៍ថ្មីៗ ដើម្បីចូលរួម ចំណែកលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនាវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុង​គោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែល​មានចំណូលខ្ពស់​ត្រឹម​ឆ្នាំ ២០៥០ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: