Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា វិវឌ្ឍន៍យ៉ាងលឿន​រហ័ស, ៥ឆ្នាំទៀត កម្ពុជាអាចផលិតរ៉ូបូត មានសមត្ថភាពកាន់តែប្រសើរ

    BY Naren March 27, 2023
    ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា វិវឌ្ឍន៍យ៉ាងលឿន​រហ័ស, ៥ឆ្នាំទៀត កម្ពុជាអាចផលិតរ៉ូបូត មានសមត្ថភាពកាន់តែប្រសើរ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រួចគោលដៅ​អភិវឌ្ឍន៍​លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ​ វិស័យទាំងនេះមានការវិវឌ្ឍន៍លឿនរហ័សគួរឱ្យកត់សម្គាល់។ លោកទេសរដ្ឋមន្ត្រី រំពឹង​ថា ក្នុងរយៈពេល៥ឆ្នាំ ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​នឹងកើត​មាន​​កាន់តែច្រើន ដែលក្នុងនោះកូនខ្មែរអាចនឹងមានសមត្ថភាពបង្កើតរ៉ូបូតមាន​សមត្ថ​ភាព​​​​កាន់​តែ​ខ្ពស់ផងដែរ។

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុ​វត្ត​ន៍ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាជាតិ ស្តីពីវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាព្រឹត្តិការណ៍លើកដំបូងហើយនៅកម្ពុជា ដែល​ប្រារព្ធធ្វើឡើង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុវត្តន៍​។

    វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាធាតុដ៏ចាំបាច់មួយសម្រាប់ការរស់នៅ និង​អាជីវ​កម្មរបស់មនុស្សជាតិលើពិភពលោកនាពេលបច្ចុប្បន្ន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាចំណែកដ៏សំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍របស់ប្រទេស​នីមួយៗ​ផងដែរ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រួចទិសដៅអភិវឌ្ឍន៍លើវិស័យនេះ។ នៅឆ្នាំ២០២០ រាជរដ្ឋា​ភិបាល បានសម្រេចបន្ថែមវិសាលភាពការងារជូនក្រសួងឧស្សាហកម្ម ដោយបន្ថែមការ​ងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រួចមុំការងារជូនក្រសួងយកចិត្តទុក​ដាក់បន្ថែមទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

    ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាលើកដំបូងនៅមជ្ឈមណ្ឌលកោះពេជ្រ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញការកត់សម្គាល់របស់លោកថា រយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា បានការរីកចម្រើនគួរឱ្យ​សម្គាល់​ទាំងផ្នែករដ្ឋ និងឯកជន។ ក្នុងនោះរដ្ឋ បានធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យាជាច្រើន ក្នុងការ​ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់លឿនរហ័ស និងកាត់បន្ថយភាព​ស្មុគ​ស្មាញ។ រីឯវិស័យឯកជន ក៏បានធ្វើទំនើបកម្មអាជីវកម្មរបស់ខ្លួនដោយបញ្ចូលកាន់តែ ច្រើនជាមួយបច្ចេកវិទ្យា ដើម្បីឱ្យអាជីវកម្មកាន់តែរីកចម្រើន និងទទួលបានជោគជ័យ។

    លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដើម្បីឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុវត្តន៍ ទទួលបានការវិវឌ្ឍន៍កាន់តែលឿនរហ័ស ក៏ទាមទារឱ្យមានរៀបចំតម្រង់ទិស​លើ​ការបណ្តុះបណ្តាល​តាំងពីថ្នាក់មត្តេយ្យឡើងទៅ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កូនខ្មែរមានភាពវ័យឆ្លាត ការច្នៃប្រឌិតមិនចាញ់ជាតិសាសន៍ដទៃនោះឡើយ គ្រាន់តែ​មិន​ទាន់មានការដុសខាត ឬបណ្តុះបណ្តាលឱ្យជាប់ទិស។ លោកបានប្រដូចកូនខ្មែរ​ទៅនឹងមាស ដែលមិនទាន់យកចេញពីក្នុងដី។

    លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញក្តីរំពឹងថា បន្ទាប់ពីមានការសម្រួចគោល​ដៅអភិវឌ្ឍន៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ហើយនោះ ក្នុងរយៈពេល​ដ៏ខ្លី​​ខាងមុខ កូនខ្មែរអាចបង្កើតបាននូវសមិទ្ធផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន។ ក្នុងនោះរួមមានទាំងការផលិតរ៉ូបូតផងដែរ។

    សូមបញ្ជាក់ថា ជាមួយនឹងការប្រារព្ធទិវាជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ជាលើកដំបូងនេះ ក្រសួងក៏បានរៀបចំការតាំងបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនពាក់ព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅមជ្ឈមណ្ឌលកោះពេជ្រ។ ការតាំងបង្ហាញនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា។

    លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអំពាវនាវដល់សិស្ស និស្សិត ក៏ដូចជាអាណាព្យាបាល នាំបុត្រធីតា របស់ខ្លួនចូលរួមទស្សនាពិព័រណ៍នេះ ដើម្បីបានស្វែងយល់ និងបានឃើញពីការវិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បន្ថែមពីលើនោះ ការទស្សនាពិព័រណ៍នេះ ជាចំណែកជំរុញផ្នត់គំនិតកូនខ្មែរលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: