Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌច្បារអំពៅ អំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញគ្រប់ប្រភេទ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

    BY Khmerpress March 29, 2023
    អាជ្ញាធរខណ្ឌច្បារអំពៅ អំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញគ្រប់ប្រភេទ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

    (ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់បងប្អូនអ្នកលក់ដូរ តាមចិញ្ចើមផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៩ ចាប់ពីផ្លូវជាតិលេខ១ រហូតដល់មាត់ទន្លេតំបន់ច្រាំងបាក់ ក្នុងភូមិសាស្រ្ដ សង្កាត់ច្បារអំពៅទី២ ហើយក៏បានណែនាំឱ្យទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងឱ្យរថយន្តមកយកសំរាមឱ្យបានទៀងទាត់ តាមពេលវេលាដែលបានកំណត់។

    លោក ហ៊ត គឹមនី បានបញ្ជាក់ថា ក៏បានណែនាំដល់បងប្អូនអាជីវករឱ្យបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សារចិញ្ចើមផ្លូវដោយទុកឱ្យអ្នកធ្វើដំណើរថ្មើជើងអាចដើរបាន ជាពិសេសកាត់បន្ថយ ការកកស្ទះចរាចរណ៍។ សូមសំណូមពរបងប្អូនដែលបានសង់រោង តូប សំណង់ផ្សេងៗលើចិញ្ចើមផ្លូវ ត្រូវរុះរើចេញវិញដោយខ្លួនឯង ដើម្បីទុកជាផ្លូវសម្រាប់អ្នកថ្មើរជើង សូមមេត្តាកុំអន្តរាគមន៍ ចំពោះការរំលោភបំពានសំណូមពរ ខាងលើ ដើម្បីលុបបំបាត់នូវភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

    លោក ហ៊ត គឹមនី បានគូសបញ្ជាក់ថា៖ «ពិតណាស់ថាការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឱ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន»

    លោក ហ៊ត គឹមនី បានបន្តថា យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋ លោកសរសើរ ហើយខ្លាចតែយើងមិនធ្វើ។ មតិភាគតិចណាស់ ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ ដែលគេសរសើយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវ គាត់មិនសប្បាយ នៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន និងអ្នកដំណើរ គាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះ ចាប់ពីពេលនេះទៅ ត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត ពិសេផ្លូវ៣៦៩ និងកំណាត់ផ្លូវជាតិលេខ១នេះ។

    ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរតាមផ្លូវ៣៦៩ និងកំណាត់ផ្លូវជាតិលេខ១នេះ ត្រូវចូលរួមទាំងអស់គ្នាបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

    បន្ថែមពីនេះ រដ្ឋបាលខណ្ឌ ក៏បានដាក់ចេញនូវផែនការឱ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំ ទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ដោយក្នុងនោះ៖

    *សូមសំណូមពរបងប្អូនជាអ្នកប្រកបរបររត់ឡានឈ្នួល សូមកុំចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវទុកសម្រាប់បងប្អូនអ្នកថ្មើរជើង និងការធ្វើចរាចរណ៍ ។
    *សូមសំណូមពរបងប្អូនជាអ្នកប្រកបអាជីវកម្ម កុំដាក់តាំងទំនិញ និងសម្ភារៈលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់អ្នកថ្មើរជើង និងការធ្វើចរាចរណ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews​

    Share This Post: