Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន គ្រប់គ្រងបទចម្រៀងចំនួន៤បទ ដែលជាស្នាដៃនិពន្ធដោយលោក គង្គ ប៊ុនឈឿន

    BY Naren March 30, 2023
    ក្រសួងវប្បធម៌ ប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន គ្រប់គ្រងបទចម្រៀងចំនួន៤បទ ដែលជាស្នាដៃនិពន្ធដោយលោក គង្គ ប៊ុនឈឿន

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែមីនា ជូនដំណឹងស្តីពីការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។

    ក្រសួងបានឱ្យដឹងថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពីលោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួល មរតកឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។

    ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថាបទចម្រៀងចំនួន០៤(បួន)បទ (ដូចមានភា្ជប់ជូននូវបញ្ជី ចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ដែលមានចំណងជើងដូចជា៖ ១.ស្ពានកំពង់លួង ២.ម្លប់ស្នេហ៍ដើមសឡៅ ៣.សែនឈឺចិត្ត ៤.ប្រពន្ធខាំញេច ជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន នឹងប្រគល់ សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីទាំងនេះតាមសំណើ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសូមប្រកាសជូនដំណឹងថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងនូវបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងមក នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន អាគារលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទំនាក់ទំនង តាមលេខទូរសព្ទ ០២៣ ២១៨ ១៤៨ និងE-mail: info@mcfa.gov.kh | facebook Page ឈ្មោះ (នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលDCR)៕

    Share This Post: