Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធឡើងនៅខេត្តកំពង់ធំ នាថ្ងៃ​៨ ខែ​ឧសភា​

    BY Khmerpress March 30, 2023
    ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធឡើងនៅខេត្តកំពង់ធំ នាថ្ងៃ​៨ ខែ​ឧសភា​

    (កំពង់ធំ)៖ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ​នឹងប្រព្រឹត្តទៅ​នៅក្នុងបរិវេណ​កីឡដ្ឋានខេត្តកំពង់ធំថ្មី​ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ នៅថ្ងៃ​៤​រោច​ ​ខែ​ពិសាខ​ ​ត្រូវនឹង​ថ្ងៃ​ទី​​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ ក្រោម​ព្រះរាជាធិ​ប​តី​ភាព​ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

    នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅបរិវេណ​កីឡដ្ឋាន​​ថ្មី​ ដើម្បីត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ខាងមុខនោះ។

    លោក ងួន រតន: លើកឡើងថា ព្រះរាជពិធីនេះ សំខាន់បំផុតបន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗជាច្រើនទៀតប្រចាំឆ្នាំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»។

    លោកបន្តថា ព្រះរាជពិធីបុណ្យនេះក៏ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។

    អភិបាលខេត្តកំពង់ធំបានជំរុញដល់អាជ្ញាធរដែនដី មន្ទីរអង្គភាពនានា សមត្ថកិច្ច ត្រូវសហការគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ សន្តិសុខឱ្យមានភាពល្អប្រសើរនៅជុំវិញបរិវេណរៀបចំព្រះរាជពិធី ការរៀបចំ​សាងសង់​ព្រះពន្លាជ័យ​ ការថែទាំស្មៅ និងស្រូវឱ្យមានការលូតលាស់ល្អ តាមរយៈការស្រោចទឹកឲ្យបានទៀងទាត់ ជាពិសេសពង្រឹងការរៀបចំ​ផ្លូវ​ចូល​ទៅកាន់​ទីតាំង​សម្រាប់​ប្រារព្ធ​ព្រះរាជ​ពិធី​៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: