ព័ត៌មានអន្តរជាតិ March 31, 2023

ទីប្រឹក្សាសន្តិសុខជាតិម្នាក់ លាលែងពីតំណែង ដោយមូលហេតុមិនបានបញ្ជូនលិខិតដែលសេតវិមាន អញ្ជេីញ BLACKPINK ទៅច្រៀងនៅអាមេរិក

Naren

(កូរ៉េ)៖ BLACKPINK គឺជាក្រុមចម្រៀងនារីល្បីឈ្មោះប្រចាំវិស័យ K-POP និងមានភាពល្បីល្បាញមានអ្នកគាំទ្រទូទាំងពិភពលោក ខណៈសមាជិកម្នាក់ៗក្នុងក្រុមនេះតែងតែបង្ហាញពីឥទ្ធិពលរបស់ពួកគេ តាមរយៈការចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន។ ថ្មីៗនេះ ឥទ្ធិពលរបស់ Blackpink ហាក់កំពុងតែលេចធ្លោ និងក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Kim Sung Han ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo។

អ្នកគាំទ្រហាក់ភ្ញាក់ផ្អើល បន្ទាប់ពីសារព័ត៌មានធំៗបានផ្សាយថា លោកស្រី Jill Biden ដែលជាភរិយារបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញេីលិខិតអញ្ជេីញ BLACKPINK ទៅច្រៀងនៅសេតវិមានតាំងពីខែមករា យ៉ាងណាមិញនាយកការិយាល័យសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូង បែរជាមិនបានបញ្ជូនលិខិតអញ្ជេីញនេះ ទៅកាន់ផលិតកម្ម YG និងទុកចោលរហូតដល់ខែមីនា។ ទន្ទឹម​នឹង​នេះ ក៏មានសេចក្តីរាយការណ៍ថា លោក​ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាន​ដឹង​ដំណឹង​នេះ​តាម​រយៈ​ក្រសួង​ការ​បរទេស ហើយលោកពិតជាខឹងសម្បារជាខ្លាំងទាក់ទងនឹងរឿងនេះ ព្រោះវាអាចធ្វេីឲ្យប៉ះពាល់ដល់ទំនាក់ទំនងនិងភាពជឿជាក់រវាងប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។

មូលហេតុទាំងនេះ គឺជាហេតុផល លោក Kim Sung Han ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានលាលែងពីតំណែងកាលពីម្សិលមិញ ក្នុងទម្រង់នៃការលាលែងដោយស្ម័គ្រចិត្ត៕ ផ្តល់សិទ្ធិដោយ៖ Fresh News