ថៃ គ្រោងចាត់វិធានការសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីដោះស្រាយនឹងផលប៉ះពាល់ពី COVID-19
(បាងកក)៖ ថៃ គ្រោងនឹងចាត់វិធានការបន្ថែមទៀត ដើម្បីរក្សាការងារ និងបង្កើនការចំណាយក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ចប្រទេសមួយនេះ ដែលបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការផ្ទុះឡើង នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ បាននឹងកំពុងតស៊ូជាមួយនឹងរលកទី៣ នៃការឆ្លងជំងឺ COVID-19 ដែលវាមានចំនួនស្មើជាង៨០ភាគរយ នៃចំនួនករណីឆ្លង និងករណីស្លាប់សរុប។
«យើងចាំបាច់ត្រូវមានអ៊ុកស៊ីសែនគ្រប់គ្រាន់ សម្រាប់វិស័យអាជីវកម្ម ក្នុងការបន្តទៅមុខ…និងដើម្បីរក្សាការចំណាយនៅកម្រិតធម្មតា», នេះបើតាមសម្តីលោក Danucha Pichayanan ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គម។ លោកថា «យើងអាចស្រោចស្រង់បាន ប្រសិនបើយើងជួយគ្នាទៅវិញទៅមក»។
លោកបានលើកឡើង ដោយមិនផ្តល់ព័ត៌មានលម្អិតថា វិធានការណ៍ ដែលត្រូវបានរៀបចំនោះ រួមមាន ការរក្សាការងារនៅក្រុមហ៊ុនតូចៗ និងជួយដល់វិស័យទេសចរណ៍ ដែលរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺ។
លោក Danucha ថា ទេសចរណ៍ថៃ មិនអាចវិលត្រឡប់មកធម្មតាវិញនោះទេ លុះត្រាដល់ឆ្នាំ២០២៦, ដែលបានប៉ះពាល់ដល់កម្មករជាង៧លាននាក់, ខណៈអត្រាភាពគ្មានការងារធ្វើ នៅក្នុងប្រទេស បានកើនឡើងខ្ពស់ ក្នុងរយៈពេល១២ឆ្នាំ នៅក្នុងត្រីមាសដំបូងឆ្នាំនេះ។
លោក Danucha បញ្ជាក់ថា វិធានការថ្មី នឹងត្រូវគាំទ្រហិរញ្ញវត្ថុ ដោយប្រាក់កម្ចីថ្មី៥០០ពាន់លានបាត (១៦ពាន់លានដុល្លារ), ដែលអនុម័តដោយព្រះមហាក្សត្រថៃ កាលពីដើមសប្តាហ៍នេះ។
គួររំលឹកថា កាលពីពេលកន្លងទៅនេះ, រដ្ឋាភិបាលថៃ បានដាក់ចេញវិធានការណ៍ជំរុញ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការផ្ទុះឡើងពីជំងឺ COVID-19 រួមមានការផ្ទេរសាច់ប្រាក់, ឧបត្ថម្ភធន, ប្រាក់កម្ចីគ្មានការប្រាក់ និងការគាំទ្រការជួលការងារ៕ ផ្តល់សិទ្ធិដោយ៖ freshnews