Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តរតនគិរី ត្រៀមដីជិត១,៤០០ហិកតា នៅស្រុកលំផាត់ សម្រាប់ធ្វើព្រលានយន្ដហោះ

    BY Naren April 4, 2023
    ខេត្តរតនគិរី ត្រៀមដីជិត១,៤០០ហិកតា នៅស្រុកលំផាត់ សម្រាប់ធ្វើព្រលានយន្ដហោះ

    (ភ្នំពេញ)៖ ដីជិត១,៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានរដ្ឋបាលខេត្តត្រៀមបម្រុងទុក សម្រាប់អភិវឌ្ឍន៍ធ្វើជាព្រលានយន្ដហោះថ្មី ខណៈព្រលាន្ដចាស់ដែលមានស្រាប់នៅក្រុងបានលុង ត្រូវអភិវឌ្ឍន៍ជាទីតាំងសម្រាប់ប្រជាពលរដ្ឋលំហែកាយ ឬសួនច្បារធំមួយសម្រាប់ខេត្ត។

    នេះជាការឲ្យដឹងពី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តរតនគិរី»។

    លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា «នេះជាព្រលានយន្ដហោះថ្មី ដែលយើងគ្រោងដី១,៤០០ហិកតា។ ចំណែកព្រលានចាស់ មិនអាចបន្ដធ្វើជាព្រលានទៀតបាននោះទេ ដោយសារនៅកណ្ដាលក្រុងតែម្ដង […] ទីតាំងព្រលានយន្ដហោះថ្មី យើងបានសិក្សារួចហើយ នឹងបានអញ្ជើញខាងអាកាសចរស៉ីវិល ដើម្បីពិនិត្យមើលបន្ថែមទៀត»។

    បើតាមលោក ញ៉ែម សំអឿន ទីតាំងត្រៀមសម្រាប់កសាងព្រលានយន្ដហោះថ្មីនេះ គឺស្ថិតនៅចន្លោះរវាងខេត្តមណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងខេត្តរតនគិរី។ ទីតាំងព្រលាយន្ដហោះថ្មីនេះ ជាទីតាំងប្រកបដោយសក្ដានុពលខ្ពស់ ដោយមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី។

    ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគកសាងព្រលានយន្ដហោះថ្មី នៅខេត្តរតនគិរីនេះ មិនទាន់មាននៅឡើយទេ ដោយសាររង់ចាំការសម្រេចជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។

    លោកអភិបាលខេត្តរតនគិរី បង្ហាញក្ដីរំពឹងថា នៅពេលខេត្តរបស់ខ្លួនមានព្រលានយន្ដហោះថ្មីនោះ នឹងទទួលបានអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀត ហើយជាផ្នែកមួយក្នុងការជួយរុញកំណើនសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអះអាងថា អ្នកវិនិយោគជាច្រើនតែងសាកសួរលោក តើពេលណាខេត្តនៅភាគឦសាន្ដមួយនេះមានព្រលានយន្ដហោះថ្មី? ព្រោះបើកាលណាមានព្រលានយន្ដហោះ ពួកគេនឹងងាយស្រួលក្នុងការធ្វើអាជីវកម្ម។

    សូមជម្រាបថា អតីតព្រលានយន្ដហោះដែលមានស្រាប់ នៅក្នុងក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាល ផ្ទេរពីគ្រប់គ្រងដោយរដ្ឋលេខាធិការអាកាសចរណ៍ស៉ីវិល ទៅឲ្យរដ្ឋបាលខេត្តគ្រប់គ្រងវិញ។ ការផ្ទេរទីតាំដីអតីតព្រលានយន្តហោះ មកឲ្យរដ្ឋបាលខេត្តគ្រប់គ្រងជំនួសវិញនេះ គឺដើម្បីប្រែក្លាយឲ្យទៅជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់បម្រើផលប្រយោជន៍សាធារណៈ និងរៀបចំកែលម្អរ ឲ្យមានសោភ័ណភាពទីប្រជុំជនខេត្តរតនគិរី ប្រកបដោយភាពទាក់ទាញនៅពេលអនាគត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: