ព័ត៌មានអន្តរជាតិ April 5, 2023

រថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងត្រូវបានទម្លាក់ពន្ធមកនៅត្រឹម ១ភាគរយប៉ុណ្ណោះ

Khmerpress

(បរទេស)៖ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានទម្លាក់ពន្ធលើតម្លៃដាក់លក់រថយន្តអគ្គិសនីបន្ថែមទៀតពី ១១ភាគរយមកនៅត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការអនុម័តរថយន្តអគ្គិសនី ស្របពេលដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងទាក់ទាញការវិនិយោគទៅក្នុងផលិតកម្មក្នងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកទឹកចិត្តនេះនឹងចូលជាធរមានក្នុងខែនេះ ហើយនឹងបន្តដំណើរការរហូតដល់ដំណាច់ឆ្នាំឯណោះ។ ដោយឡែកការទម្លាក់ពន្ធនេះក៏ត្រូវបានរៀបចំសម្រាប់ឡានក្រុងអគ្គិសនីមួយចំនួនផងដែរ។

គួរជម្រាបដែរថា ប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញការវិនិយោគទៅក្នុងការផលិតអាគុយអគ្គិសនី ក៏ដូចជាការដំឡើងរថយន្តអគ្គិសនីក្នុងស្រុកតាមរយៈការប្រើប្រាស់ទុនបម្រុងនីកែលដ៏សម្បូរបែបរបស់ខ្លួន ដែលត្រូវបានកែច្នៃសម្រាប់ផលិតអាគុយ។ បន្ថែមពីនេះទៅទៀតប្រទេសឥណ្ឌូនេស៊ីក៏ធ្លាប់បាននិយាយនៅខែមុនដែលថា ខ្លួនបែងចែកថវិការដ្ឋចំនួន ៤៦៦.៧០លានដុល្លារ ដើម្បីឧបត្ថម្ភដល់ការលក់រថយន្តអគ្គិសនីរហូតដល់ឆ្នាំ២០២៤ ខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews​