ក្រសួងអប់រំ ចេញសេចក្តីណែនាំពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។
យោងតាមសេចក្តីណែនាំ ការបង្រៀនមុខវិជ្ជាភាសាខ្មែរនៅកម្រិតបឋមសិក្សា មានគោលបំណងបណ្ដុះ និងអភិវឌ្ឍនូវបំណិន មូលដ្ឋានរបស់សិស្សានុសិស្សដូចជា៖ និយាយភាសាខ្មែរ និងប្រើប្រាស់ពាក្យ រាជសព្ទ និងសង្ឃសព្ទ បានត្រឹមត្រូវតាមបរិបទ, ស្តាប់ភាសាខ្មែរ និងយល់ច្បាស់ពីអ្វីខ្លឹមសារ និងបកស្រាយបានត្រឹមត្រូវ, អានអក្សរខ្មែរ ពាក្យ ឃ្លា ល្បះ អត្ថបទ។ សរសេរអក្សរខ្មែរបានត្រឹមត្រូវតាមក្បួនខ្នាត តាមចលនា អក្ខរាវិរុទ្ធ ស្អាត និងមានរបៀបរៀបរយ ជាដើម។
ចំណែក ការអប់រំវប្បធម៌ អរិយធម៌ខ្មែរ វប្បធម៌ និងអរិយធម៌ខ្មែរ ត្រូវតែបានទទួលការលើកកម្ពស់តាមរយៈការអប់រំនៅតាមគ្រួសារ និង គ្រឹះស្ថានសិក្សា ដោយអ្នកពាក់ព័ន្ធត្រូវចូលរួមអនុវត្តដូចខាងក្រោម៖
គ្រូបង្រៀនត្រូវសិក្សាស្វែងយល់ និងមានចំណេះដឹងអំពីវប្បធម៌ អរិយធម៌ខ្មែរ ឱ្យបានទូលំទូលាយ សិក្សា និង ត្រូវបញ្ជ្រាបការអប់រំវប្បធម៌ អរិយធម៌ខ្មែរ ទៅតាមខ្លឹមសារមេរៀន នៃសៀវភៅ គោលភាសាខ្មែរកម្រិតបឋមសិក្សា ដែលមានស្រាប់ ដល់សិស្សានុសិស្ស លើកកម្ពស់ការអប់រំអំពីវប្បធម៌ អរិយធម៌ខ្មែរ ដែលមានខ្លឹមសារសម្បូរបែប នៅក្នុងសៀវភៅសិក្សា គោលមុខវិជ្ជាសិក្សាសង្គម។
រីឯការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល មាតាបិតា អ្នកអាណាព្យាបាល មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញកូនៗ ឱ្យខិតខំរៀន ភាសាខ្មែរ និងយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌ខ្មែរ។ ខាងក្រោមជាសេចក្តីណែនាំលម្អិត៖





