BREAKING: សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន
(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សម្រេចឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និង
ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវសេចក្តីសម្រេច សេចក្តីណែនាំ សេចក្តីជូនដំណឹង និងចំណាត់ការជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងសហគមន៍។
យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ
សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្ត ដើម្បីការលើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជាពិសេសការអនុវត្តសេចក្តីសម្រេចចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនតូច នៅតែបន្តបំពាគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដែលនេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។ ផ្តល់សិទ្ធិដោយ៖ Freshnews

