Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ថៃរំពឹងបង្កើតប្រាក់ចំណូលជិត ៤០០លានដុល្លារពីពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ដែលមានរយៈពេលឈប់សម្រាកចំនួន ៥ថ្ងៃ

BY Khmerpress April 12, 2023
ថៃរំពឹងបង្កើតប្រាក់ចំណូលជិត ៤០០លានដុល្លារពីពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ដែលមានរយៈពេលឈប់សម្រាកចំនួន ៥ថ្ងៃ

ថៃ៖ ភ្ញៀវទេសចរអន្តរជាតិ និងពលរដ្ឋថៃរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងនាំគ្នាអបអរពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ឬជាបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។ តាមគម្រោងផ្លូវការគឺថៃនឹងប្រារព្ធពិធី “សង្ក្រាន្តឆ្នាំថ្មី” ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃសៅរ៍ ទី១៥ ខែមេសា តែកាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅទូទាំងប្រទេសមួយថ្ងៃបន្ថែមទៀតគឺនៅថ្ងៃចន្ទ ទី១៧ ខែមេសា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋខ្លួនអាចមានពេលវេលាឈប់សម្រាកបានយូរ ពោលគឺមានរយៈពេលចំនួន ៥ថ្ងៃជាប់គ្នា។

មុនពេលពិធី “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ចូលមកដល់ សកម្មភាពទិញ-លក់ ខោអាវ អាហារ សម្ភារៈកំសាន្ត សេវាកំសាន្ត ការស្នាក់នៅ និងទំនិញផ្សេងៗត្រូវគេកត់សម្គាល់ថា មានការកើនឡើងយ៉ាងគំហុក ហើយការធ្វើដំណើរតាមមធ្យោបាយផ្សេងៗ និងជាពិសេសគឺការធ្វើដំណើរតាមជើងហោះហើរនោះក៏មានភាពមមាញឹកគួរឲ្យកត់សម្គាល់ផងដែរ។ បើតាមកាសែត National Thailand បានបញ្ជាក់ថា សកម្មភាពចំណាយទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់មួយក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិថៃ ខណៈនៅក្នុងឆ្នាំ ២០២៣នេះ អាជ្ញាធរទេសចរណ៍ថៃបានព្យាករណ៍ថា ថៃអាចនឹងបង្កើតប្រាក់ចំណូលបានប្រហែល ១៣,៥ ពាន់លានបាត (ជាង ៣៩៤លានដុល្លារ) នៅក្នុងពិធីបុណ្យ “បុណ្យសង្ក្រាន្តឆ្នាំថ្មី” ដែលមានរយៈពេលឈប់សម្រាកសរុបចំនួន ៥ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: