Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់រយនាក់ សម្រុកត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត

    BY Khmerpress April 12, 2023
    ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់រយនាក់ សម្រុកត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត

    (បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរមានក្មេងមានចាស់ យុវជន យុវនារី ធ្វើការនៅប្រទេសថៃរាប់រយនាក់ បានសម្រុកត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត។

    លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចាប់ពីខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរទាំងប្រុសទាំងស្រីរាប់រយនាក់ បានចាប់ផ្តើមនាំគ្នាសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកលេងចូលឆ្នាំថ្មីនៅស្រុកកំណើតវិញនេះមិនគិតពីការធ្វើដំណើរចេញតាមច្រករបៀងនោះផងនោះទេ។

    លោក គៀត ហ៊ុល បានបញ្ជាក់ទៀតថា ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ទ័រស្ទើ, បណ្ណស្នាក់នៅ និង Border Pass ទាំងអស់គ្នា ហើយពលករទាំងអស់នេះ កំពុងអង្គុយចាំវៃប៉ាស្ទ័រ និង Border Pass ដើម្បីវិលចូលមកស្រុកកំណើតវិញ។

    លោកបញ្ជាក់បន្តទៀតថា ពលករដែល​វិលត្រឡប់​មកស្រុកកំណើត​វិញ​នោះ មាន​ជាង​៥​ពាន់​នាក់ ហើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ដែលការ​ធ្វើដំណើរ គឺ​ចាប់ពី​ព្រឹក​ម៉ោង ​៧​រហូតដល់​ម៉ោង ១២​យប់​ឯណោះ ទើប​មាន​ការ​បិទ​ច្រក​ទ្វារ​អន្តរជាតិតែម្ដង។

    ដោយឡែក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ពលរដ្ឋ​ខ្មែរ​ ដែលមកពីប្រទេសថៃ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ត្រីអន្តោប្រវេសន៍ បានប្រមូលពួកគាត់ឲ្យនៅក្នុងមណ្ឌលសំចតមួយ​រយៈ​ដើម្បី​រង់ចាំ​ត្រួតពិនិត្យ​លើបញ្ហាសុខភាព​ពី​សំណាក់លោកគ្រូ​ពេទ្យ​សិន មិនឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយ ​ព្រោះ​​​ខ្លាច​ពួកគាត់​ផ្ទុក​នូវ​មេរោគ​​កូវីដ យក​ទៅ​ចម្លង​ដល់​ក្រុម​គ្រួសារ​ ដែល​នៅ​ឯ​ស្រុកកំណើត​របស់​ខ្លួន។ ដូច្នេះ​ត្រូវតែ​ដាក់​ពួកគាត់​នៅ​ដោយឡែក​មួយ​រយៈ ​រង់ចាំ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព​របស់​ពួកគាត់ ​បើសិនពុំមានបញ្ហាសុខភាពទេ អាជ្ញាធរនឹងឲ្យត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្តិភាពផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: