Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ត្រូវបានជម្លៀសដោយសុវត្ថិភាព ក្រោយការផ្ទុះគ្រាប់បែកផ្សែង នៅឯកន្លែងថ្លែងសុន្ទរកថា

BY Khmerpress April 15, 2023
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ត្រូវបានជម្លៀសដោយសុវត្ថិភាព ក្រោយការផ្ទុះគ្រាប់បែកផ្សែង នៅឯកន្លែងថ្លែងសុន្ទរកថា

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ត្រូវបានជម្លៀសចេញពីកំពង់ផែមួយ ស្ថិតនៅក្នុងទីក្រុង Wakayama បន្ទាប់ពីមានហេតុការណ៍ផ្ទុះមួយបានកើតឡើង តែលោកមិនបានរងរបួសអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឱ្យដឹងទៀតថាការផ្ទុះខាងលើ គឺបណ្ដាលមកពីការផ្ទុះគ្រាប់បែកផ្សែង ខណៈមិនមានសេចក្ដីរាយការណ៍ ពីអ្នករងរបួស ឬការខូចខាតទេ។ ចំណែកឯ មនុស្សម្នាក់ត្រូវបានប៉ូលិសចាប់ និងឃុំខ្លួន នៅក្នុងទីក្រុង Wakayama នៃភាគខាងលិចប្រទេសជប៉ុន ជាទីដែលលោក គីស៉ីដា ត្រូវថ្លែងសុន្ទរកថា។ តែយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើការផ្ទុះគ្រាប់បែកផ្សែងនេះ គឺជាចេតនាអ្វីនោះទេ រីខាងប៉ូលិសជប៉ុនក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។

គួរបញ្ជាក់ថា ទូរទស្សន៍ជប៉ុន NHK បានបង្ហាញរូបភាពមួយចំនួន ដែលបញ្ជាក់ពីសកម្មភាពប៉ូលិស និងកម្លាំងសន្តិសុខចាប់ខ្លួនមនុស្សម្នាក់ នៅក្នុងចំណោមហ្វូងមនុស្សនៅឯកន្លែង កើតហេតុ។ ជប៉ុន បានពង្រឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក សីនហ្សូ អាបេ ត្រូវបានគេធ្វើឃាតកំលុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២២ ហើយហេតុការណ៍ផ្ទុះគ្រាប់បែកផ្សែងនៅពេលនេះ កើតមានឡើងនៅចំពេលជប៉ុន ត្រូវរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេស G7 ក្នុងទីក្រុង Sapporo និងទីក្រុង Karuizawa ក្នុងខេត្ត Nagano និងមុនមេដឹកនាំ G7 ជួបប្រជុំគ្នាក្នុងទីក្រុង Hiroshima នៅខែឧសភាខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: