Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

    BY Khmerpress April 20, 2023
    ព្រឹកថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

    អគារថ្មីនៃមនី្ទរពេទ្យកុមារជាតិនេះ មានទទឹង១៥ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ កម្ពស់៤ជាន់ (E0-E1-E2-E3) និងគ្រែសម្រាប់ទទួលអ្នកជំងឺសម្រាកព្យាបាល ចំនួន១០០គ្រែ។

    ជាន់ក្រោមផ្ទាល់ដី មានទទួលផ្នែកពិគ្រោះជំងឺទូទៅកុមារ, ផ្នែកចាក់ថ្នាំបង្ការកុមារ និងដើមខែឧសភាខាងមុខនេះ មនី្ទរពេទ្យបើកដំណើរការផ្នែកពិនិត្យព្យាបាលភ្នែកកុមារ, ផ្នែកពិនិត្យផ្ទៃពោះជូនស្រី្តមុនសម្រាល ផ្នែករោគស្រី្ត ផ្នែកឱសថ។

    ជាន់ទី១ ផ្នែកសម្ភព និងសម្រាល, ជាន់ទី២ ផ្នែកទារក និងសម្ភព ដាក់ជាប់គ្នា និងជាន់ទី៣ ផ្នែកសម្ភព និងបន្ទប់សម្រាករួម និងបន្ទប់សម្រាកពីរនាក់ និងសម្រាកដាច់ដោយឡែកផងដែរ។

    អគារថ្មីនេះចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នាខែកញ្ញា ឆ្នាំ២០២២ សមិទ្ធផល នៃអគារមនី្ទរពេទ្យកុមារជាតិនេះ សាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ ញឹប អង្កាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ។

    សូមជម្រាបថា អគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: