សម្ដេចតេជោ៖ ប្រជាជន ៥ម៉ឺននាក់ជិះរថយន្តក្រុងនាពេលចូលឆ្នាំ ប្រសិនបើបានស្គាល់គ្នាហើយរៀបការ សម្ដេចនឹងមានចំណងដៃសម្រាប់កូនកម្លោះកូនក្រមុំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារនៅលើតេឡេក្រាម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថាប្រជាជន៥ម៉ឺននាក់ជិះរថយន្តក្រុងនាពេលចូលឆ្នាំ ប្រសិនបើបានស្គាល់គ្នាហើយរៀបការ ផ្ញើសំបុត្រអញ្ជើញសម្ដេចនឹងមានចំណងដៃសម្រាប់កូនកម្លោះកូនក្រមុំ។
សម្តេចតេជោ បានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា៖ «ខ្ញុំនិយាយថាប្រជាជនប្រមាណ ៥មុឺននាក់បានជិះរថយន្តក្រុងដែលរៀបចំដោយសាលារាជធានីភ្នំពេញក្នុងពេលចូលឆ្នាំកន្លងមក។ (និយាយព្រឹកមិញក្នុងពិធីសម្ពោធអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ20/4/2023)។ ពេលនោះខ្ញុំបានលើកឡើងថាប្រជាជនបានស្គាល់គ្នាលើឡានក្រុង និងដែលអាចមានកម្លោះក្រមុំស្គាល់គ្នាផងដែរ និងប្រសិនបើរៀបការសូមប្រាប់ខ្ញុំផង។ ដើម្បីជាចំណងដៃសម្រាប់ក្រមុំ កម្លោះទាំងឡាយដែលស្គាល់គ្នា លើឡានក្រុងសូមស្តាប់បទ (ចន្ទរះលើរថយន្តក្រុង)។ ចំហាយសប្បាយនៅសល់ពីចូលឆ្នាំជាមួយសមិទ្ធិផលថ្មីក្នុងឆ្នាំថ្មី»។
បើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា៖ «ឆ្នាំនេះ ខ្ញុំអាចគិតថា នារីនិងបុរសអាចជួបគ្នានៅលើឡានក្រុង បន្ទាប់ទៅពួកគេនឹងរៀបការជាមួយគ្នា បើយ៉ាងដូច្នេះមែន ពេលរៀបការសូមធ្វើម៉េចផ្ញើមកដល់ខ្ញុំផង ដើម្បីខ្ញុំចងដៃ» ៕


