ព័ត៌មានអន្តរជាតិ April 20, 2023

Meta សម្រេចកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក ១ម៉ឺននាក់

Khmerpress

អាមេរិក៖ ក្រុមហ៊ុន Meta គ្រោងនឹងធ្វើការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំមួយសម្រាប់ផែនការនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែមេសានេះ។ បើតាមលោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិនៃក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានបញ្ជាក់ថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងកាត់បន្ថយនេះគឺជាក្រុមបុគ្គលិកនៅក្នុងផ្នែកវិស្វករ និងបច្ចេកវិទ្យា។

នាយកប្រតិបត្តិវ័យ ៣៨ឆ្នាំរូបនេះបានបន្តថា គម្រោងបញ្ឈប់បុគ្គលិកខាងលើនេះនឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល សម្រាប់បុគ្គលិក ៣ក្រុមផ្សេងគ្នា និងត្រូវប្រើពេលប្រហែលជា ៣-៤ខែ ដោយគិតចាប់ពីពេលជូនដំណឹងនេះតទៅ ខណៈគម្រោងបញ្ឈប់បុគ្គលិកនៅពេលនេះអាចនឹងប៉ះពាល់ដល់បុគ្គលិកសរុបប្រមាណជា ១០,០០០នាក់។ ចំពោះហេតុផលនៃការអនុវត្តគម្រោងខាងលើនេះវិញគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ពោលគឺជាគោលការណ៍រក្សាតុល្យភាពរវាងប្រាក់ចំណូលនិងការចំណាយជាក់ស្តែងរបស់ក្រុមហ៊ុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត