SEA GAMES 2023៖ កម្ពុជា មិនយកថ្លៃស្នាក់នៅ-ហូបចុក, វៀតណាម ថាសន្សំបានជាង៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ
(វៀតណាម)៖ ការមិនយកថ្លៃហូបចុក និងស្នាក់នៅពីម្ចាស់ផ្ទះកម្ពុជា នៅ SEA GAMES 2023 ធ្វើឱ្យគណៈកម្មការស៊ីហ្គេមរបស់វៀតណាម អាចសន្សំបានជាង៤០ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Zing News របស់ វៀតណាម។
លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមបានប្រាប់ Zing News ថា «ការដែលកម្ពុជា ដែលជាម្ចាស់ផ្ទះមិនយកថ្លៃការស្នាក់នៅ និងអាហារសម្រាប់គណៈប្រតិភូកីឡាជួយវៀតណាមកាត់បន្ថយការចំណាយយ៉ាងច្រើន» លោកបានបន្តថា «នេះជាដំណឹងល្អសម្រាប់គណៈប្រតិភូកីឡាវៀតណាម យើងនឹងសន្សំប្រាក់មួយចំនួនធំប្រហែលជាង ១០ពាន់លានដុង ( ប្រមាណជាង៤០ម៉ឺនដុល្លារ) លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមបានប្រាប់សារព័ត៌មាន Zing ថា ឥឡូវនេះ គណៈប្រតិភូត្រូវចំណាយតែថ្លៃធ្វើដំណើរ សំបុត្រយន្តហោះ និងការចំណាយផ្សេងៗទៀត។
យោងតាមការផ្សាយរបស់ VNEXPRESS ការសម្រេចរបស់កម្ពុជានឹងជួយ គណៈប្រតិភូកីឡាវៀតណាមដែលមានអត្តពលិកប្រកួតចំនួន១,០០៣នាក់នឹងសន្សំបានជាង ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា អត្តពលិក និងប្រតិភូកីឡាចូលរួមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ទទួលបានការលើកលែងលើការបង់ប្រាក់៥០ដុល្លារក្នុង១ថ្ងៃ ដែលនេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។
ក្រៅពីការហូបចុក និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ កម្ពុជាក៏បានប្រកាសមិនគិតថ្លៃសម្រាប់សំបុត្រចូលរួមពិធីបើក បិទ និងការប្រកួតនានាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ហើយសិទ្ធិទូរទស្សន៍ស៊ីហ្គេមលើកទី៣២ ក៏ឥតគិតថ្លៃទាំងស្រុងផងដែរ។ ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ឧសភា៕ ប្រភព៖ zingnews / vnexpress



