អភិបាលខេត្តត្បូងឃ្មុំ៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 លើផ្ទៃដីជាង ១,១០០ហិកតា
(ភ្នំពេញ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមផ្ទៃដីទុកប្រមាណ១,១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅជាប់ព្រំដែនកម្ពុជា-វៀតណាមផ្ទាល់តែម្ដង។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ដត្បូងឃ្មុំ» លោក ជាម ច័ន្ទ សោភ័ណ បានគូសបញ្ជាក់ថា តំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 គឺជាទីតាំងដែលសម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកជាចំណុចផ្ដើម ដើម្បីចូលទៅប្រទេសវៀតណាម ស្វែងរកសុខសន្ដិភាពជូនប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកបានត្រៀមរៀបចំផ្ទៃដីប្រមាណ១,១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញអ្នកវិនិយោគផ្សេងៗទៀត ទៅធ្វើការវិនិយោគនៅតំបន់កោះថ្មតែម្ដង។ នេះជាមោទនភាពសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋរស់នៅតំបន់កោះថ្មនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនប្រសិនក្លាយជាតំបន់សេដ្ឋកិច្ចពិសេស»។
ក្រៅពីផែនការបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសហើយនោះ លោកអភិបាលខេត្តបានអះអាងទៀតថា បច្ចុប្បន្នតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 រដ្ឋបាលខេត្តកំពុងរៀបចំឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រផងដែរ។ ត្រង់ចំណុចនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អាចទៅទស្សនាបាននៅតំបន់ប្រវត្តិសាស្ដ្រមួយនេះ ដើម្បីអាចស្វែងយល់ពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន។
កោះថ្មជាទីតាំងប្រវត្តិសាស្រ្ត នៃដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន នុច ថន, ញឹក ហួន, សន សាញ់ និង វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រីចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។
បើតាមលោក ជាម ច័ន្ទសោភ័ណ, បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានសហគ្រាស គ្រឹះស្ថាន ចំនួន២៩២សហគ្រាស ប្រើប្រាស់កម្លាំងពលកម្ម១៧,០៦០នាក់។ ដោយឡែក សហគ្រាស គ្រឹះស្ថានកាត់ដេរ ២កន្លែង ប្រើប្រាស់កម្លាំង១,០៣៩នាក់ ក្នុងនោះមាននៅក្រុងសួង និងស្រុកអូររាំងឪ។ ក្រុមហ៊ុនចំការកៅស៊ូ ៥កន្លែង ប្រើប្រាស់កម្លាំងពលកម្ម ៨,៨៨៨នាក់, សិប្បករផលិតឥដ្ឋ ៤៣កន្លែង ប្រើប្រាស់កម្លាំងពលកម្ម៦២៩នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

