SEA GAMES April 21, 2023

Sea Games 2023៖​ កម្ពុជា ទទួលបានការកោតសរសើរថា មានសណ្តានចិត្តល្អ សម្រាប់ការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ

Naren

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ CAMBODIA 2023 បន្ទាប់ពីទទួលបានការជូនដំណឹងពីគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ស្តីពីការស្នាក់នៅ-ហូបចុក ដោយឥតគិតថ្លៃ អំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ម្ចាស់ផ្ទះកម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងថា មានសណ្តានចិត្តល្អ ពីបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងមូល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «ក្រោយទទួលបានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ក្នុងការមិនយកកម្រៃ សម្រាប់ការហូបចុក-ស្នាក់នៅ របស់ប្រតិភូ អត្តពលិក អាស៊ីអាគ្នេយ៍ទាំងអស់ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងបានផ្សព្វផ្សាយជូនដល់គណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់រួចហើយៗគ្រាន់តែបណ្តាប្រទេសទាំងអស់ទទួលបានដំណឹងស្តីការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ នេះភ្លាមៗ ពួកគាត់បានបង្ហាញក្តីរីករាយជាខ្លាំង ដោយសម្តែងក្តីត្រេកអរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់ផ្ទះកម្ពុជា ដោយបានចាត់ទុកថា កម្ពុជាពិតជាអស្ចារ្យ មានសណ្តានចិត្តល្អ»។

«អ្វីដែលចាប់អារម្មណ៍បំផុត គឺគណៈកម្មាធិការជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន ជាពិសេសគឺអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវ បានផ្ញើអបអរសាទរ និងកោតសរសើរចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជា។ អ្វីដែលយើងកំពុងរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ គឺយើងទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ពីមិត្តអាស៊ានទាំងអស់ ដែលយើងទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត»។ នេះជាការបញ្ជាក់ជូនបន្ថែមរបស់ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន។

គួរបញ្ជាក់ថា ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឲ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ ប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់ នឹងទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៊ីហ្គេម នាពេលកន្លងមក៕ ប្រភព៖ CAMBODIA 2023