ព័ត៌មានជាតិ April 22, 2023

ជនជាតិជប៉ុន២រូប ដែលជាអ្នករៀបចំកម្មវិធីប្រកួតក្បាច់គុនកម្រិតពិភពលោក បានមកដល់កម្ពុជា ដើម្បីសិក្សាពីគុនខ្មែរ

Naren

(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន ដែលជាម្ចាស់ក្លិបគុនខ្មែរជើងឯកពិភពលោក នៅរសៀលថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករៀបចំកម្មវិធីប្រកួតក្បាច់គុនកម្រិតពិភពលោក ចំនួន២រូប លោក Shimada Yuji និង លោក Shinoda Sotaro បានមកដល់កម្ពុជា ដើម្បីសិក្សាពីស្ថានភាពគុនខ្មែរ។

លោកបានឱ្យដឹងថា ជនជាតិជប៉ុន២រូបនេះនឹងស្នាក់នៅប្រទេសកម្ពុជារយៈពេលមួយយប់ពីរថ្ងៃ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដោយធ្វើការសិក្សាស្វែងយល់ពីគុនខ្មែរ និងប្រវត្តិសាស្ត្រកម្ពុជា។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «សូមជម្រាបជូនបងប្អូនថា មកដល់ម៉ោងនេះលោក Shinoda ដែលជាអ្នករៀបចំកម្មវិធីប្រកួតក្បាច់គុនកម្រិតពិភពលោកបានមកដល់ប្រទេសកម្ពុជាហើយ។ គាត់នឹងស្នាក់នៅប្រទេសកម្ពុជារយៈពេលមួយយប់២ថ្ងៃ។ ថ្ងៃនេះខាងក្រុមការងាររបស់ខ្ញុំនឹងនាំគាត់ទៅមើលការងារផ្សេងៗជាច្រើនដើម្បីឱ្យគាត់ចាប់ផ្តើមយល់អំពីស្ថានភាពគុនខ្មែរនៅប្រទេសកម្ពុជារបស់យើង។

ស្របពេលជាមួយគ្នាខ្ញុំបានកក់សំបុត្រយន្តហោះរួចហើយដើម្បីឲ្យជនជាតិជប៉ុនទាំង២រូបនេះទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ដើម្បីឱ្យពួកគាត់ស្វែងយល់អំពីគុនខ្មែរ និងប្រវត្តិសាស្រ្តកម្ពុជាតាំងពីរាប់ពាន់ឆ្នាំមុន។ ដូច្នេះខ្ញុំសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំនឹងអាចជម្រុញគុនខ្មែរឱ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍មួយកម្រិតបន្ថែមទៀត។ អរគុណបងប្អូនសម្រាប់ការគាំទ្រគុនខ្មែរ និងគាំទ្រខ្ញុំតាំងពីដើមមកដល់ម៉ោងនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន »៕