SEA GAMES April 24, 2023

កម្ពុជា នឹងចំណាយបន្ថែមប្រមាណ ៧លានដុល្លារ សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម

Naren

(ភ្នំពេញ)៖ ស្របពេលសល់តែ១១ថ្ងៃទៀតទេ ព្រឹត្តិការណ៍ស៊ីហ្គេម បានឈានចូលមកដល់ កម្ពុជា នឹងចំណាយបន្ថែមប្រមាណ ៧លានដុល្លារបន្ថែម សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម។ នេះបើយោងតាមប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានា​ក្នុងវត្តព្រះបារមីវង្កតបុរី នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា «យើងធ្វើម្ចាស់ផ្ទះឆ្នាំនេះ ឥតគិតថ្លៃទាំងអស់ ការដែលធ្វើបែបនេះធ្វើឱ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ យើងចំណាយប្រមាណជា៧លានដុល្លារថែមទៀត ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនី ដែលមកប្រកួត តាមធម្មតា​គឺត្រូវបង់ឱ្យម្ចាស់ផ្ទះមួយថ្ងៃ៥០ដុល្លារ។ ឯយើងមិនឱ្យបង់ទេ យើងទទួលបន្ទុកចិញ្ចឹមគេ ប៉ុន្តែអ្នកដែលមកគាំទ្ររកសណ្ឋាគារខ្លួនឯង យើងទទួលបន្ទុកតែកីឡាករ កីឡាការិនី គ្រូបង្វឹក»។

គួរបញ្ជាក់ថា ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឲ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ ប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់ នឹងទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៊ីហ្គេម នាពេលកន្លងមក៕