រដ្ឋបាលស្រុកតាំងគោក សហការជាមួយការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជន តាមរយៈ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រដ្ឋបាលស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលប្រតិបត្តិបារាយណ៍-សន្ទុក បន្តធ្វើការពិនិត្យ ព្យាបាលជំងឺ ជូន បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវ ការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទោះសម្តេចពុំបានអញ្ជើញមកផ្ទាល់ ដោយសារមានកិច្ចការដែលត្រូវបំពេញទាំងក្នុង និងក្រៅប្រទេស តែសម្តេចតែងតែជំរុញឱ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋខ្លួន។ អាជ្ញាធរភូមិ ឃុំ ចុះជាប្រចាំក្នុងមូលដ្ឋាន ដើម្បីក្តាប់ឱ្យបានរាល់តម្រូវ ការរបស់ប្រជាពលរដ្ឋដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយជូន។
ក្នុងនោះផងដែរ លោកអភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិកា ផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនលោកយាយ លោកតានៅពេលនេះ។ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។
លោក ហាក់ ម៉ុងហួត បានបន្តទៀតថា ការចុះពិនិត្យព្យាបាលនេះ ជាសកម្មភាពបន្ថែម ទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលធ្វើជារាងរាល់ថ្ងៃនៅតាមមណ្ឌលសុខភាព។
លោក ហាក់ ម៉ុងហួត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទៅរកសេវាសុខភាពនៅក្បែរ ផ្ទះ ព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌល សុខភាពមានសម្ភារគ្រប់គ្រាន់មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ គឺធ្វើបាន៨ឃុំ ពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតាបាន ចំនួន៣២៧៦នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យ នឹងបន្តធ្វើទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន


