SEA GAMES April 25, 2023

SEA Games: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្នើអ្នកគាំទ្រដែលមិនមានសំបុត្រ កុំផ្លោះរបងចូលមើលបាល់ទាត់ ខណៈសមត្ថកិច្ចជាច្រើននឹងត្រូវដាក់ការពារ

Naren

(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានស្នើសូមអ្នកគាំទ្រដែលមិនមានសំបុត្រ មេត្តាកុំផ្លោះរបងចូលមើលការប្រកួតបាល់ទាត់ នៅកីឡដ្ឋានជាតិអូឡាំពិក។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចជាច្រើននាក់ នឹងត្រូវដាក់ការពារតាមរបង ដើម្បីការពារបាតុភាពបែបនេះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណជនទស្សនាការប្រកួតកីឡាស៉ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ។

លោក កែវ សារ៉េត បានបញ្ជាក់ប្រាប់បណ្តាញ Fresh News ថា ពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអីប្រមាណ ២៩,០០០កន្លែង ក្នុងនោះនៅទីតាំងម្លប់មានតែ ៥,០០០កន្លែង ហេតុនេះហើយទោះបីជាអ្នកគាំទ្រ ដែលមិនមានសំបុត្រ ផ្លោះរបងចូលមើលបាល់ទាត់ ក៏មិនមែនកន្លែងអង្គុយដែរ។ លោកបានរំលឹកព្រឹត្តិការណ៍មិនគប្បីមួយ នៅពេលកន្លងមក ដែលអ្នកគាំទ្រដែលមិនមានសំបុត្រ ផ្លោះរបងចូលមើលបាល់ទាត់។

«យើងមិនចង់ឲ្យមានទិដ្ឋភាពបែបហ្នឹងទេ។ សមត្ថកិច្ចជាច្រើន នឹងត្រូវដាក់ការពារ ក្រោយការប្រជុំនៅពេលខាងមុខនេះ។ សម្តេចតេជោ ក៏ព្រួយបារម្ភដែរ ចំពោះរឿងផ្លោះរបង។ បើអត់មានសំបុត្រទេ សូមបងប្អូនមើលតាមទូរទស្សន៍ និងតាមផ្ទាំងបញ្ចាំង (slide) ដែលត្រូវរៀបចំដោយអាជ្ញាធរ»។ នេះជាការសំណូមពរ របស់អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សូមជម្រាបថា តាមរយៈសារពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្ញើសារណែនាំជូនអភិបាលរាជធានី-ខេត្ត ឱ្យរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រោយសាលទស្សនាមិនអាចផ្ទុកមនុស្សច្រើនតាមតម្រូវការជាក់ស្តែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែសាលប្រកួតរបស់យើងមានទំហំតូច ដែលអ្នកចូលរួមចង់មើលមានចំនួនច្រើន បងប្អូនបានលើកសំណូមពរមកសម្តេច ដោយសមហេតុ សមផល សូមឱ្យមានការដាក់បញ្ចាំងស្លាយបន្តផ្ទាល់ចេញពីការប្រកួតនៅពហុកីឡដ្ឋាន ដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ ទាំងនៅស្តាតអូឡាំពិក និងស្តាតមរតកតេជោ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៀតថា «សូមឯកឧត្តម លោកជំទាវ ជាពិសេស គឺអភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យ ដើម្បីដាក់ស្លាយឱ្យបងប្អូន មើលការផ្សាយបន្តផ្ទាល់ គឺរៀបចំឱ្យបានឆាប់បំផុត ដើម្បីឱ្យបងប្អូន អាចមានលទ្ធភាពមើលនៅទីកន្លែងមានការជួបជុំរៀបចំឱ្យបានត្រឹមត្រូវ ហើយការពារសណ្តាប់ធ្នាប់ឱ្យបានល្អ។ តាមបណ្តាខេត្តក៏ដូចគ្នា ដែលគ្មានឱកាសសម្រាប់មករាជធានីភ្នំពេញទេ អ្នកនិយមកីឡាបាល់ទាត់ គឺមានច្រើន ដូច្នេះសូមឱ្យឯកឧត្តមអភិបាលរាជធានី-ខេត្ត ធ្វើការខិតខំដើម្បីរៀបចំឱ្យមានការបញ្ចាំងស្លាយបន្តផ្ទាល់ចេញពីការប្រកួតនេះតែម្តង»។

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការប្រកួតសន្សំពិន្ទុមុនគេចេញពីពូល A ក្នុងចំណោម ៥ក្រុមរួមមានឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា នៃយុទ្ធនាការមានរយៈពេល ២ឆ្នាំម្តងលើកទី៣២ នេះ។

ក្រៅពីឥណ្ឌនេស៊ី ប៉ះហ្វីលីពីន នាម៉ោង ៤៖០០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នោះ U22 របស់ម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប៉ះ U22 ទីម័រខាងកើតផងដែរនៅម៉ោង ៧យប់ថ្ងៃដដែលក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់ គ្រាដែលសំបុត្រចូលទស្សនាពុំមានគិតថ្លៃឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News