ព័ត៌មានជាតិ April 26, 2023

អ្នកនាំពាក្យ៖ ជនសង្ស័យ២នាក់ លួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ពេលមេឃកំពុងភ្លៀងខ្លាំងហើយដាច់ភ្លើង

Naren

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិតជាមានករណីជនសង្ស័យ២នាក់ បានលួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រាកដមែន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា មូលហេតុដែលបង្កឱកាសឲ្យជនសង្ស័យទាំងពីរនាក់នោះ លួចរត់ចេញពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន គឺដោយសារពេលកើតហេតុមេឃភ្លៀង និងមានខ្យល់ខ្លាំង ពេលនោះស្រាប់តែឆ្លងចរន្ដអគ្គិសនីដាច់ភ្លើង។

នៅពេលដាច់ភ្លើងនោះ ក៏ស្រាបតែលឺសំឡេងឆោឡោឡើងនៅបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន ពេលនោះកម្លាំងនគរបាលបានចូលទៅពិនិត្យឃើញមានរបើកជ្រីជញ្ជាំង ទំហំប្រហែលកន្លះម៉ែត្រ ដែលអាចឲ្យជនសង្ស័យទាំងពីរលូនចេញក្រៅបាន។

អ្នកនាំពាក្យរូបនេះ បានបន្ដទៀតថា ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ជាជនជាតិបរទេស ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើជនជាតិបរទេសដូចគ្នា និងម្នាក់ទៀត ជាជនជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ដនៅខេត្តបន្ទាយមានជ័យ ក្រោយលួចរថយន្តចេញពីទឹកដីខណ្ឌឬស្សីកែវ។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងរួមដៃគ្នា ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះមកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News