អ្នកគ្រូ សុទ្ធ សុម៉ាលី គ្រូរបាំព្រះរាជទ្រព្យ ទទួលបានមេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ពីស្ថានទូតបារាំង
លោកជំទាវ សាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ទទួលបានមេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ពីស្ថានទូតបារាំង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូតបារាំង កាលពីម្សិលមិញបានបំពាក់មេដាយ សិល្បៈ និងអក្សរសាស្រ្ត ថ្នាក់សេនា ជូនលោកជំទាវ សុទ្ធ សុម៉ាលី ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរ។
ការផ្តល់គ្រឿងឥស្សរិយយសនេះបង្ហាញពីការទទួលស្គាល់ចំពោះការចូលរួមចំណែករបស់លោកជំទាវក្នុងការអភិរក្ស និងការបង្រៀនរបាំព្រះរាជទ្រព្យ ដែលសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
កើតក្នុងគ្រួសារអ្នករបាំដ៏ល្បី លោកជំទាវ សុទ្ធ សុម៉ាលី បានប្ដេជ្ញាផ្សព្វផ្សាយរបាំព្រះរាជទ្រព្យលើឆាកអន្តរជាតិ តាមរយៈការសម្តែង និងការផ្ទេរចំណេះដឹង។ លោកជំទាវបានធ្វើដំណើរជាទៀងទាត់ទៅប្រទេសបារាំងដើម្បីបង្រៀនរបាំដ៏ពិសិដ្ឋនេះនៅក្នុងសមាគមមួយ។
ស្ថានទូតបារាំង បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការវប្បធម៌ គឺជាវិស័យដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនាពេលថ្មីៗនេះ ស្ថានទូតបានគាំទ្រខ្សែភាពយន្តបារាំង-ខ្មែរ « ទេពហត្ថា » ដែលរៀបរាប់ពីប្រវត្តិរបាំព្រះរាជទ្រព្យ ផងដែរ៕ ប្រភពនិងរូបភាព៖ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា/ប៉េង ឡុង




