Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ខណ:កម្ពុជាកំពុងមានគម្រោងបណ្ដុះ បណ្ដាលជនក្រីក្រ ប្រមាណ១លាន ៥សែននាក់

    BY Khmerpress April 27, 2023
    សម្ដេចតេជោ ស្នើសុំឲ្យជប៉ុន បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ខណ:កម្ពុជាកំពុងមានគម្រោងបណ្ដុះ បណ្ដាលជនក្រីក្រ ប្រមាណ១លាន ៥សែននាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធាន មនុស្ស ហើយក៏បានជម្រាបជូនឯកឧត្តមតាកាហាស៊ីផងដែរថា កម្ពុជា នៅពេលនេះ កំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រ ប្រមាណ១លាន ៥សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។

    ការស្នើបែបនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ។

    ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តម តាកាហាស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគម ជប៉ុន-កម្ពុជា ដែលក្នុងនោះរួមមាន៖

    ទី១-កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែង រកការវិនិយោគនៅក្រៅប្រទេស។

    ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកែសម្ផស្ស, លើវិស័យជួសជុលយានយន្ត និងលើវិស័យបដិសណ្ឋារកិច្ច។

    ទី៣-កំពុងរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះនឹងមានការអុជកាំជ្រួចអបអរសាទរផងដែរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

    ទី៤-ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។

    ទី៥-គោរពសំដែងការអបអរសាទរជូន ចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្តឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះ កម្ពុជា ក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។

    សម្ដេចតេជោ ក៏បានស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ហើយក៏បានជម្រាបជូនឯកឧត្តមតាកាហាស៊ីផងដែរថា កម្ពុជានៅពេលនេះ កំពុងមានគម្រោងបណ្ដុះ បណ្ដាលជនក្រីក្រ ប្រមាណ១លាន ៥ សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី ជំរុញការនាំផលិត ផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ សម្ដេចបានមាន ប្រសាសន៍ថា ផលិតផលរបស់កម្ពុជានៅ ពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ។

    សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ីដែលបានអបអរសាទរចំពោះការដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេចថា នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភាពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថា នៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា, ពាក់ ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយ ក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន , សាមគ្គីភាពអាស៊ាន និងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើយ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: