សម្តេចតេជោ ហ៊ុន សែន៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានបន្តតំណែងជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានទម្លាយនូវរឿងរ៉ាវនៃការតាំងចិត្តរឹងមាំរបស់សម្តេច ក្នុងការបន្តផ្តល់ការទុកចិត្តលើលោក ឃួង ស្រេង ឲ្យបន្តតំណែងជាអភិបាលរាធានីភ្នំពេញ សម្រាប់អាណត្តិទី២ បើទោះបីជាមានមនុស្សមួយចំនួន ព្យាយាមជំរុញឲ្យមានការផ្លាស់ប្តូរក្តី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំត្រូវមានស្មារតីរឹងមាំលើការសម្រេចិត្ត ដោយមិនត្រូវជឿលើមន្ត្រីចាក់រុក នាំឲ្យងាយរងគ្រោះដល់ការសម្រេចចិត្តនោះទេ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូម្បីតែ ឃួង ស្រេង បើខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី២ទេ ខ្ញុំនិយាយឲ្យច្បាស់តែម្តង ហើយព័ត៌មានចេញពីជ្រុងមកវាយ អាស្រេង រហូត ប៉ុន្តែខ្ញុំរឹង តែខ្ញុំក៏មិនដែលប្រាប់ ឃួង ស្រេង ដែរ ឥឡូវខ្ញុំនិយាយចំហរតែម្តងទៅ ដើម្បីដាក់តឿនមន្ត្រីនានា ឈប់ទៅរឿងដើរជេរគេជេរឯងនោះ»។
សូមរំលឹកថា លោក ឃួង ស្រេង ត្រូវបានតែងតាំងឱ្យបន្តកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ តាមរយៈព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវចូលនិវត្តន៍ កាលពីខែមិថុនា ឆ្នាំ២០១៧ ។ មុនឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ លោកមានតួនាទីជាអភិបាលរងរាជធានីភ្នំពេញ ហើយក៏ជាអតីតអភិបាលខណ្ឌសែនសុខ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews






