សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ថា ល្បីខ្លាំងទាំងក្នុង និងក្រៅប្រទេស
- BY
- Liny Chan
- May 1, 2023

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរទៅលើបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” “CAMBODIAN PRIDE” របស់ផលិតកម្ម Galaxy Navatra ដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ខណៈឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ បានថ្លែងកោតសរសើរនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានកោតសរសើរទៅលើ ក្រុមការងារផលិត អ្នកនិពន្ធ អ្នកដឹកនាំ និងបានវាយតម្លៃខ្ពស់ទៅលើកំពូលតារាចម្រៀងទាំង ៤រូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ថា សម្ដែងបានល្អមែនទែន។
លើសពីនេះសម្ដេចតេជោ ក៏បានអរគុណដល់ផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានផលិតបទមួយនេះឡើង ហើយបានចាត់ទុកការសម្ដែងបទចម្រៀងនេះ គឺកាន់តែញ៉ាំងព្រឹត្តិការណ៍ស៉ីហ្គេមឱ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ១៩៦៦ ក្នុងពេលដែលព្រះបរមរតនកោដ្ឋដឹកនាំសង្គមរាស្ត្រនិយម។ កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ ដែលបានយាងព្រះរាជទានព្រះអគ្គិជ័យកីឡាចេញពីប្រាសាទអង្គរវត្ត។
គួរជម្រាបផងដែរថា ត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ “បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន” ឬ “CAMBODIAN PRIDE” មានអ្នកទស្សនាច្រើនជាង ៦២លាននាក់ (62K) ដែលជាចំនួនដ៏ច្រើនបំផុតមួយក្នុងចំណោមបទចម្រៀនដទៃទៀត បើគិតត្រឹមរយៈពេលដូចដ៏ខ្លីនេះ។ បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាននេះ គឺត្រូវបានសម្ដែងម្ដងរួចមកហើយកាលពីពេលកន្លងទៅ និងត្រៀមសម្ដែងម្ដងទៀតនៅក្នុងឱកាសបិទព្រឹត្តិការស៉ីហ្គេមនៅកម្ពុជា៕
- Share This Post:
តារាចម្រៀង មាស សុខសោភា ចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧»
- BY
- Naren
- June 5, 2023

(ភ្នំពេញ)៖ តារាចម្រៀង មាស សុខសោភា កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់ខ្លួន ក្រោយក្រោយមានប្រតិកម្មពីសំណាក់មហាជន។

អ្នកនាងមាស សុខ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំ មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។
នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពងខ្ពស់ពីនាងខ្ញុំ មាស សុខសោភា»៕
- Share This Post:
តារារ៉េបកម្ពុជា វណ្ណដា កាន់តែល្បីសុះសាយ ខណៈទស្សនាវដ្តីអាមេរិក Forbes ទើបតែរាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំ
- BY
- Khmerpress
- May 22, 2023

(បរទេស)៖ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីផងដែរ ខណៈថ្មីៗនេះទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានរាប់បញ្ចូលរូបលោក ទៅក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ មានអាយុក្រោមអាយុ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2023»។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័ Forbes ផ្ទាល់ចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។

Forbes ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទស្សនាវដ្តីដ៏ល្បីមួយ សម្រាប់កត់ត្រាបញ្ជីចំណាត់នានា ក្នុងនោះរួមមានបញ្ជីមហាសេដ្ឋីមានប្រាក់ច្រើនបំផុត នៅលើពិភពលោក, បញ្ជីក្រុមហ៊ុនកំពូលក្នុងពិភពលោក រួមទាំងបញ្ជីនៃអ្នកមានអំណាចបំផុត របស់ពិភពលោកជាដើម។ យ៉ាងអ្វីដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានមោទនភាពបំផុតនោះ គឺប្រជាប្រិយភាពឆ្លងទ្វីបរបស់តារារ៉េប វណ្ណដា បានធ្វើឲ្យទស្សនាវដ្តីដ៏ល្បីរបស់ពិភពលោកមួយនេះ មិនអាចមើលរំលងបានឡើយ រហូតកត់ត្រាតារារ៉េបម្ចាស់បទ «Time To Rise» រូបនេះ ចូលក្នុងបញ្ជីយុវជនអាយុក្រោមអាយុ៣០ឆ្នាំ ដែលមានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង ហើយនេះក៏ត្រូវបានគេចាត់ទុកថា ជារឿងកម្រសម្រាប់អ្នកសិល្បៈក្នុងប្រទេសកម្ពុជាផងដែរ។
បើតាមការចុះផ្សាយ Forbes បានពិព័ណនាទៀតថា វណ្ណដា គឺជាតារាចម្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស។ រូបគេបានប្រើប្រើប្រាស់ឧបករណ៍ភ្លេង បុរាណខ្មែរ និងបានលើកតម្កើងសិល្បករជើងចាស់ ឲ្យមានភាពល្បីល្បាញក្នុងតំបន់ ដូចជាប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គឺ Skull 2 (Season 1) កាលពីខែមិថុនា ២០២២។ បទចម្រៀងដ៏មានសក្ដានុពលបំផុត គឺបទ «Time to Rise» ដែលមានការចូលរួមពីព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ ក្នុងចំណោមតន្ត្រីករដែលនៅរស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនោះ មានចំនួនចូលទស្សនាក្នុងយូធូប ១០០លានដង ខណៈថ្មីៗនេះចំនួនបានកើនឡើងដល់ទៅជាង ១,០០០លានដងទៅហើយ។
បន្ទាប់ពីលោកចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ២០១៩ មិនយូរប៉ុន្មានឆ្នាំចុងក្រោយនេះ VannDa ក៏បានឈានទៅបន្តទៅធ្វើសហប្រតិបត្តិការឆ្លងប្រទេសទៀត ជាមួយតារារ៉េបថៃ OG Bobby និង F.HERO៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
ជាថ្មីម្តងទៀត! តារាចម្រៀងល្បីរបស់អង់គ្លេស Ed Sheeran ឈ្នះក្តីជាលើកទី២ ជុំវិញរឿងកម្មសិទ្ធិបញ្ញាបទចម្រៀង
- BY
- Khmerpress
- May 19, 2023

(បរទេស)៖ បន្ទាប់ពីឡើងតុលាការម្តងជាពីរដង នៅពេលនេះតារាចម្រៀងដ៏ល្បីអង់គ្លេស Ed Sheeran បានឈ្នះក្តីហើយ ជុំវិញរឿងបណ្ដឹងកម្មសិទ្ធិបញ្ញាបទចម្រៀង «Thinking Out Loud» ដែលភាគីម្ខាងទៀតបានចោទថា ចម្រៀងនេះ គឺចម្លងចេញបីបទ «Let’s Get It On» របស់ Marvin Gaye។ ការឈ្នះក្តីលើកនេះ ត្រូវបានគេដឹងថា ជាលើកទី២ហើយ ដែលលោកបានឈ្នះក្តីនៅតុលាការ ជុំវិញរឿងក្តីកម្មសិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ករណីទីពីរត្រូវបានអនុវត្តនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដោយសំណុំរឿងនេះត្រូវបានដឹកនាំដោយចៅក្រមស្រុក Louis Stanton។ ចៅក្រម បានច្រានចោលករណីនេះ ដោយនិយាយថាផ្នែកនៃបទចម្រៀងដើម «Let’s Get It On» ដែល Sheeran ត្រូវបានគេចោទប្រកាន់ថា បានលួចចម្លង គឺជារឿងធម្មតាទេ ក្នុងការរក្សាសិទ្ធិ។
បន្ទាប់ពីឈ្នះក្តី តារាប្រុសរូបនេះ បាននិយាយថា លោកគ្រាន់តែជាមនុស្សម្នាក់ដែលមានហ្គីតា និងចូលរួមសរសេរចម្រៀង ដើម្បីឲ្យមនុស្សគ្រប់រូបរីករាយប៉ុណ្ណោះ មិនមែនដើម្បីអ្វីផ្សេងទេ…៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: