Khmerpress

ស្វែងរក

SEA GAMES

លោកតា ហាក់ ស៊ាងឡាយ វ័យ៨៦ឆ្នាំ ដែលជិះម៉ូតូមកភ្នំពេញមើលការប្រកួតកីឡាអុកចត្រង្គ ទទួលបានការឧបត្ថម្ភពីសប្បុរសជន

BY Naren May 3, 2023
លោកតា ហាក់ ស៊ាងឡាយ វ័យ៨៦ឆ្នាំ ដែលជិះម៉ូតូមកភ្នំពេញមើលការប្រកួតកីឡាអុកចត្រង្គ ទទួលបានការឧបត្ថម្ភពីសប្បុរសជន

(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា (COF) បានទទួលថវិកាឧបត្ថម្ភពីលោកស្រី សាល រីណា ចំនួន ១០០ដុល្លារ ជូនលោកតា ហាក់ ស៊ាងឡាយ នៅស្រុកស្នួល ខេត្តក្រចេះ។ នេះបើតាមការបញ្ជក់របស់សហព័ន្ធកីឡាអុកចត្រង្គ។

លោកតា ហាក់ ស៊ាងឡាយ ជន្មាយុ ៨៦ឆ្នាំ បានជិះម៉ូតូពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីមកមើលការប្រកួតស៉ីហ្គេម កីឡាអុកចត្រង្គ។ លោកតា ហាក់ ស៊ាងឡាយ បានសម្តែងភាពសប្បាយចិត្ត ដែលបានមកភ្នំពេញម្តងទៀត ដើម្បីមកមើលកីឡានេះផ្ទាល់។ គាត់នឹងត្រឡប់ទៅវិញដោយជិះម៉ូតូដដែល។

លោកតាបានប្រាប់ដល់លោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គថា ទោះជាជិះម៉ូតូមកដល់ជាដង្ហើមចុងក្រោយ ក៏គាត់ត្រូវមើលការប្រកួតអុកខ្មែរនៅក្នុងស៊ីហ្គេម ដែលខ្មែរធ្វើជាម្ចាស់ផ្ទះឲ្យបានដែរ។ និមិត្តរូបរបស់លោកតា គឺកីឡាករ ឈាវ បូរ៉ា។

សូមជម្រាបថា កីឡាអុកចត្រង្គ បាននិងកំពុងដំណើរការនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ប្រទេសដែលចូលរួមស៉ីហ្គេម លើប្រភេទកីឡាអុកចត្រង្គ មាន៧ គឺឡាវ ហ្វីលីពីន ថៃ ម៉ាឡេស៉ី វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ផ្ទះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: