ស៊ីហ្គេម២០២៣៖ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ឈ្នះមេដាយមាស ប្រភេទទម្ងន់ ៦០គីឡូក្រាម
(ភ្នំពេញ)៖ អបអរសារទ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ដែលបានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករឡាវ ATTAXAY SIHABOUT លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតវិញ្ញាសារគុនខ្មែរនេះ ក៏ទទួលបានការអញ្ជើញបំពាក់មេដាយជ័យលាភីដោយផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ជាការប្រកួតវិញ្ញាសារគុនខ្មែរ ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស កីឡាស៊ីហ្គេម ២០២៣ ដោយសរុបទាំងមានចំនួន ៩គូ។ អ្វីដែលជាមោទនភាពរបស់ប្រទេសកម្ពុជានោះ គឺក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គឺមានកីឡាករ-កីឡាការិនីខ្មែរ ចូលរួមប្រកួតទាំង ៩គូតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews







