ដំណឹងល្អ! ម្រេច កម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។
(សូមមើលតំណភ្ជាប់៖http://dzs.customs.gov.cn/dzs/2747042/3995819/qtzwcp/4643123/index.html) នេះមានន័យថា ម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។
ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។
ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕
